គ្រូបង្វឹក​កីឡា​កាយ​វប្បកម្ម ​ដាក់​ក្តីសង្ឃឹម​មេដាយស៊ី​ហ្គេម ២០២២

លោក ចាប វ៉ាន់​នី ​គ្រូបង្វឹក​ជម្រើសជាតិ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បានបង្ហាញ​ក្តីសង្ឃឹម នៅក្នុង​ចូលរួម​ប្រកួតប្រជែង​ជូន​ជាតិ​ពី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​គ្រោង​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២​។​

​គ្រូបង្វឹក​រូបនេះ បន្ថែមថា ប្រភេទ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ត្រៀម​ចូលរួម​ប្រកួត​២​វិញ្ញាសា ក្នុង​ស៊ី​ហ្គេម ២០២២ នៅ​វៀតណាម គឺ​វិញ្ញាសា Athletic Physiqe និង​វិញ្ញាសា Bodybuilding​។ ចំពោះ​កីឡាករ​ជម្រើសជាតិ​កាយ​វប្បកម្ម​មាន​ចំនួន​៤​នាក់​កំពុង​បង្កើន​ការហ្វឹកហាត់​យ៉ាងសកម្ម​ជា​រៀងរាល់ថ្ងៃ ដើម្បី​ជា​ក្តីសង្ឃឹម​កាន់តែ​ខ្ពស់ ក្នុងការ​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ ពី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​រៀងរាល់​២​ឆ្នាំ​ម្តង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។​

​កីឡាករ​ទាំង​៤​នាក់​នេះ រួមមាន​៖ កីឡាករ កែវ សំណាង​, ត្រី​ង ចាន់ នឹងត្រូវ​លេង​លើ​វិញ្ញាសា Athletic Physiqe ក្នុង​ទម្ងន់​៨១​គីឡូក្រាម​ដូចគ្នា​។ វិញ្ញាសា​នេះ​គេ​គិត​លើ​កម្ពស់​បូក​នឹង​ទម្ងន់​ធ្វើយ៉ាងណា​ឲ្យ​ត្រូវ​នឹង​ទម្ងន់​ដែល​គត់​កំណត់​ដូចជា​៨០​គីឡូ​ក្រម​ជាដើម ហើយ​ក្នុង​១​វិញ្ញាសា គឺ​កីឡាករ​២​នាក់​ចូលរួម​ប្រកួត​ជាមួយគ្នា​។ ចំពោះ​កីឡាករ អ៊ិត សុធា និង​កីឡាករ អ៊ុន បូរ៉ាត់ ដែល​ត្រូវ​ប្រកួត​លើ​វិញ្ញាសា Bodybuilding ក្នុង​ទម្ងន់​៨០ និង​៨៥​គីឡូក្រាម​។​

​គ្រូបង្វឹក​រូបនេះ អះអាងថា ការហ្វឹកហាត់​ត្រៀម​នេះ ក្រុម​ជម្រើសជាតិ​ហ្វឹកហាត់​៦​ថ្ងៃ​ក្នុង​១​សប្តាហ៍ និង​ក្នុង​១​ថ្ងៃ​ហ្វឹកហាត់​៤​ម៉ោង​។ មូលហេតុ​ដែល​ដាក់​ក្តី​រំពឹង​ក្នុងការ​ដណ្តើម​មេដាយ​នេះ គឺ​អាស្រ័យ​ដោយសារ​បទពិសោធ​រប​ស់​កីឡាករ​ឆ្នើមៗ​ទាំងអស់នេះ​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​កន្លងមក​។​

​លោក ចាប វ៉ាន់​នី សង្កត់ធ្ងន់ថា «​បន្ទាប់ពី​បើក​ការហ្វឹកហាត់​ត្រៀម​ចាប់ពី​ខែមេសា ឆ្នាំ​២០២១​មក​ពេល​ពេលនេះ​ជិត​១​ឆ្នាំ​ហើយ ដូច្នេះ​លោក​បានដាក់​ក្តី​សង្ឃឹមថា កីឡាករ​កាយ​វប្បកម្ម​កម្ពុជា​នឹង​ដណ្តើមបាន​លទ្ធផល​ល្អ ក្នុង​កម្រិត​មេដាយ​យកមក​ជូន​ជាតិ​ពី​ស៊ី​ហ្គេម នៅ​វៀតណាម​នេះ​»​។​

​គ្រូ​ជម្រើសជាតិ​រូបនេះ​ថា ការហ្វឹកហាត់​ត្រៀម​នេះ​ទទួលបាន​ការលើកទឹកចិត្ត និង​ការលះបង់​ខ្ពស់​ពី​លោក តឹក ប៊ុន​វី ប្រធាន​សហព័ន្ធ​កីឡា​វាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ម្រើ​ស​ជាតិ​កម្ពុជា​កាយ​វប្បកម្ម​កម្ពុជា​ដណ្តើមបាន​កិត្យានុភាព​ជាតិ​នៅក្នុង​គោលដៅ​ស៊ី​ហ្គេម ឆ្នាំ​២០២២​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close