ប្រជាជន​អេ​ស្ប៉ា​ញ ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំងនឹង​សាំង​ឡើងថ្លៃ​

​ម៉ា​ឌ្រី​ដ​៖ ប្រជាជន​អេ​ស្ប៉ា​ញ​រាប់ពាន់នាក់ បាននាំគ្នា​ធ្វើបាតុកម្ម​តវ៉ា​នៅតាម​ដងផ្លូវ នៅ​ទូទាំងប្រទេស កាលពី​ចុង​សប្តាហ៍ កន្លងទៅនេះ ចំពោះមុខ​តម្លៃ​ម្ហូបអាហារ​, អគ្គិសនី និង​ប្រេងឥន្ធនៈ​បាន​កើនឡើង ដោយសារតែ​សង្គ្រាម​រវាង​រុស្ស៊ី និង អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ​ពី​សារព័ត៌មាន​ចិន Global Times នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែមីនា ឆ្នាំ​២០២២​។​

​ការប្រមូល​ផ្តុំគ្នា​តវ៉ា​ដឹកនាំ​ដោយ​គណបក្ស​ស្តាំនិយម Vox party បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​សំខាន់ៗ​របស់​អេ​ស្ប៉ា​ញ ដើម្បី​បង្ហាញ ការមិន​ពេញចិត្ត​របស់​ពួកគេ ចំពោះ​ការកើនឡើង​ថ្លៃ​ចំណាយ​ក្នុងសង្គម និង​បានធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន មាន​ជីវភាព​លំបាក​។​

​នៅ​ខាងក្រៅ​សាលប្រជុំ​ទីក្រុង​ម៉ា​ឌ្រី​ដ (Madrid), ក្រុមមនុស្ស​ជាច្រើន​ពាន់​នាក់ បាននាំគ្នា​លើក​ទង់ជាតិ​អេ​ស្ប៉ា​ញ និង​ស្រែក​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប៉េ​ត្រូ សាន់​ឆេស (Pedro Sanchez) មកពី​គណបក្ស​ឆ្វេងនិយម លាលែង​ចេញពី​តំណែង​។ ក្រុមអ្នកតវ៉ា បាន​បន្ទោស​លើ​រដ្ឋាភិបាល​របស់លោក សាន់​ឆេស ថា​មិនបាន​អើពើ​ចំពោះ​ជីវភាព​របស់​ប្រជាជន និង​ស្នើ​ឲ្យ​មាន​សកម្មភាព​បន្ធូរបន្ថយ​តម្លៃ​ក្នុងសង្គម​។​

​សារព័ត៌មាន GLobal Times ក៏បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភពពី​អ្នក​តវ៉ា​ផងដែរ​ថា «​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​គួរតែ​បន្ថយពន្ធ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន​ដែល​កំពុង​ជួប​ការលំបាក​»​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០២១​កន្លងទៅ តម្លៃ​ថាមពល ក្នុងប្រទេស​អេ​ស្ប៉ា​ញ បាន​កើនឡើង ៧២​ភាគរយ ដែលជា​ការកើនឡើង ខ្ពស់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​នៅ​អឺរ៉ុប ហើយ​ដោយសារតែ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​តម្លៃ​បាន​កើនឡើង​កាន់តែ​ខ្ពស់ជាង​មុន បន្ថែម​ពីលើ​បញ្ហា បង្កឡើង​ដោយ COVID-19៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close