ចិន​៖ យន្តហោះ​ដឹក​អ្នកដំណើរ​១៣២​នាក់​ជួប​គ្រោះថ្នាក់​ធ្លាក់ បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​

​មកទល់ពេលនេះ​ជោគវាសនា​របស់​អ្នកដំណើរ​ទាំង​១៣៣​នាក់ មិនទាន់​ដឹង​នៅឡើយ ក្រោយ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង​ប្រភេទ Boeing 737 បាន​ជួប​គ្រោះថ្នាក់​ធ្លា​ក់នៅ​តំបន់​ព្រៃភ្នំ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​រាលដាល​យ៉ាងខ្លាំង​។​

​យន្តហោះ​របស់​ក្រុមហ៊ុន China Eastern Airlines បាន​ជួប​គ្រោះថ្នាក់​នៅ​ល្ងាច​ថ្ងៃទី ២១​ខែមីនា ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន CCTV បាន​ផ្សាយ​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ខាងលើ​បាន​ធ្លាក់​នៅឯ​តំបន់ភ្នំ ក្បែរ​ទីក្រុង Wuzhou នៃ​តំបន់ Guangxi ខណៈ​ក្រុម​ភ្នាក់ងារ​ស្វែងរក​និង​ជួយសង្គ្រោះ ត្រូវបាន​ចល័ត​ជាបន្ទាន់ ទៅកាន់​កន្លែងកើតហេតុ​។ យន្តហោះ​នេះ មាន​គោលដៅ​ធ្វើដំណើរ​ពី​ទីក្រុង​Kunming នៃ​ខេត្ត​យូ​ន​ណាន ឆ្ពោះទៅកាន់​ទីក្រុង Guangzhou នៃ​ខេត្ត Guangdong​។ សកម្មភាព​ជួយសង្គ្រោះ​កំពុងតែ​ខិតខំ ប៉ុន្តែ​ជួប​ផល​លំបាក​យ៉ាងខ្លាំង ដោយ​ក្រោយ​ការធ្លាក់​យន្តហោះ​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំ​ពិបាក​ក្នុង​ការចូល​ទៅកាន់​កន្លែង​កើតហេតុ​។​

​តាម​តួលេខ FlightRadar24 ដែលមាន​ឯកទេស​តាមដាន​ពី​ការហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ បាន​ផ្សាយ​ថា ជើងហោះហើរ MU5735 របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines បាន​ជួប​បញ្ហា​បច្ចេកទេស​។ ចំណែក គេហទំព័រ VariFlight បាន​ផ្សាយ​ថា យន្តហោះ​បាត់​ទំនាក់ទំនង​ពី​ប្រព័ន្ធ​រ៉ា​ដា មុនពេល​ជួប​គ្រោះថ្នាក់​។​


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close