កិច្ចប្រជុំ​នាយ​បេសកកម្ម​ត្រៀម​ស៊ី​ហ្គេម នៅ​ទីក្រុង​ហាណូយ គឺ​កម្ពុជា​ទទួលបាន​លទ្ធផល​ផ្លែផ្កា​

​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC ទទួលបន្ទុក​នាយ​បេសកកម្ម ឯកឧត្តម វ៉ា​ត់ ចំរើន បាន​លើកឡើងថា កិច្ចប្រជុំ​នាយ​បេសកកម្ម​រយៈពេល​៣​ថ្ងៃ (១៨-២០​មីនា​) នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម គឺ​កម្ពុជា​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​។​

​នៅក្នុង​ដំណើរ​វិលត្រឡប់​មកដល់​មាតុប្រទេស​វិញ កាលពី​យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម​នាយ​បេសកកម្ម​បានបញ្ជាក់​ជូន​ថា លទ្ធផល​ជា​ផ្លែផ្កា​នេះ​មានដូចជា កិច្ចប្រជុំ​នាយ​បេសកកម្ម ៣​ថ្ងៃ (​ពីថ្ងៃ​ទី​១៨-២០​មីនា​) គឺ​គ្រប់​នាយ​បេសកកម្ម​នៃ​បណ្តា​ប្រទេស​អា​ស៊​អាគ្នេយ៍​ទទួលបាន​ការស្វាគមន៍ យ៉ាង​កក់ក្តៅ ជាពិសេស​ក្រុម​ប្រតិភូ​កម្ពុជា​បាន​បំពេញបេសកកម្ម​ជួរមុខ ដើម្បី​ត្រៀម​បញ្ជូន​ក្រុម​ប្រតិភូ​កីឡា កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​ចូលរួម​ប្រកួតប្រជែង​មេដាយ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នា​ថ្ងៃទី​១២-២៣​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បន្ថែមថា គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ស៊ី​ហ្គេម វៀតណាម និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ជួប​ពិភាក្សាគ្នា​ទល់មុខ ផ្លាស់ប្តូរ​បទពិសោធ​ដល់​គ្នា​ទៅវិញទៅមក​រវាង​ស៊ី​ហ្គេម​របស់​វៀតណាម និង​ស៊ី​ហ្គេម​របស់​កម្ពុជា​។ គណៈកម្មាធិការ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​លម្អិត​លើ​គម្រោង​ផែនការ​នៃ​ការប្រគល់​-​ទទួល​ទង់​ស៊ី​ហ្គេម ពី​ម្ចាស់ផ្ទះ​វៀតណាម​ជូន​ដល់​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​បន្តវេន​របស់​កម្ពុជា នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​បិទ​ការប្រកួត​ជា​ផ្លូវការ​។​

​ម្ចាស់ផ្ទះ​វៀតណាម​ជឿជាក់ថា ពិធី​ដ៏​មាន​សារៈសំខាន់​នេះ​នឹងធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ ដោយ​កម្ពុជា​នឹងមាន​ការសម្តែង​កម្មវិធី​សិល្បៈ​វប្បធម៌ កីឡា នៅក្នុង​ឱកាស​បិទ​ការប្រកួត​-​ប្រគល់​-​ទទួល​ទង់​ស៊ី​ហ្គេម ដើម្បី​បើក​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​របស់​កម្ពុជា​ផងដែរ​។​

«​ម្ចាស់ផ្ទះ​វៀតណាម​នឹង​រៀបចំ​កម្មវិធី​បដិសណ្ឋារកិច្ច​ពិសេស​មួយ​ជូន​ដល់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ CAMSOC អមដំណើរ​ដោយ​ប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា សម្រាប់​ពិធី​ប្រគល់​-​ទទួល​ទង់​ស៊ី​ហ្គេម​ផ្ទេរ​មក​ម្ចាស់ផ្ទះ​កម្ពុជា​»​។ ឯកឧត្តម វ៉ា​ត់ ចំរើន បានបញ្ជាក់​បន្ថែម​។​

​បន្ថែម​ពីលើ​នេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ការសម្របសម្រួល​លើ​ការ​របស់​មន្ត្រី​គណៈកម្មការ​ជំនាញ​នានា​នៃ CAMSOC នៃ​គម្រោង​ឲ្យ​ក្រុម​កម្ពុជា​បាន​ចូលរួម​សិក្សា​ស្វែងយល់​ដកស្រង់​បទពិសោធ ក្នុងការ​គ្រប់គ្រង​ដឹកនាំ កា​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ឆ្ពោះ​មក​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ត្រ​ដំបូង​នៅ​កម្ពុជា​។ ម្ចាស់ផ្ទះ វៀតណាម ក៏បាន​ជួយ​ដល់​ហ្វឹកហាត់​ត្រៀម​នៅ​ទៅនោះ មុន​ការប្រកួត​លើ​ប្រភេទ​កីឡា​មួយចំនួន​ដែរ​។​

​គួរ​បញ្ជាក់ថា ក្រុម​ប្រតិភូ​កីឡា​កម្ពុជា ដែល​រួម​ក្នុង​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​រយៈពេល​៣​ថ្ងៃនេះ​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​, ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការរង CAMSOC អមដំណើរ​ដោយ​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​CAMSOC និង​មន្ត្រី​មួយចំនួនទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close