អ៊ុយក្រែន បញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី នឹងត្រូវធ្វើប្រជាមតិ
កៀវ៖ ខណៈពេលកំពុងប្រាប់ពីវឌ្ឍនភាពក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ីនោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទថ្លែងថា ការសម្របសម្រួលណាមួយជាប្រវត្តិសាស្ត្រដែលក្រុមអ្នកចរចារបស់លោកបានព្រមព្រៀងគ្នា នឹងត្រូវទទួលការយល់ព្រមពីប្រទេសទាំងមូល តាមរយ:ការធ្វេីប្រជាមតិមួយ។
លោក ហ្សេលេនស្គី បានប្រាប់ទូរទស្សន៍សាធារណៈរដ្ឋអ៊ុយក្រែនក្នុងបទសម្ភាសន៍មួយថា ខ្ញុំបានពន្យល់ដល់ក្រុមចរចាទាំងអស់ថា នៅពេលអ្នកនិយាយអំពីការផ្លាស់ប្តូរទាំងអស់នេះ ហើយពួកវាអាចជាប្រវត្តិសាស្ត្រ យើងនឹងមិនទៅណាទេ យើងនឹងមកធ្វើប្រជាមតិ។
លោកបន្តថា ប្រជាជននឹងមានឱកាសបញ្ចេញមតិរបស់ពួកគេ ហើយផ្តល់ចម្លើយរបស់ពួកគេចំពោះប្រភេទនៃការសម្របសម្រួល។ ថ្ងៃចន្ទដេីមសប្តាហ៍នេះ គឺជាឱកាសដំបូងដែលលោក ហ្សេលេនស្គី បានលើកឡើងពីគំនិតនៃការបោះឆ្នោតប្រជាមតិ ចាប់តាំងពីទីក្រុងម៉ូស្គូ បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនជិតមួយខែមុន។
ត្រលប់ទៅខែធ្នូវិញ បន្ទាប់ពីមានការអំពាវនាវពីប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង លោក ហ្សេលេនស្គី បាននិយាយថា លោកនឹងមិនច្រានចោលការបោះឆ្នោតប្រជាមតិរបស់អ៊ុយក្រែនទាំងអស់ ទាក់ទងនឹងសាធារណរដ្ឋ ដុនបាស់ និងឧបទ្វីបគ្រីមេនោះទេ ដែលប្រការនេះទំនងជាអាចបញ្ឈប់សង្គ្រាម ដែលត្រូវបាន បន្តនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០១៤មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។