គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១
ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាលពីថ្ងៃអង្គារម្សិលមិញ បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃ គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញនិងឱ្យគណៈកម្មការ រៀបចំការបោះឆ្នោតសង្កាត់ទួលស្វាយព្រៃទី១បដិសេធនិងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀនក្នុងសង្កាត់ទួលស្វាយព្រៃទី១ ព្រមទាំងដកហូត និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងសេចក្ដីសម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) នៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការសម្រេចនេះ ធ្វើឡើងក្រោយពី គ.ជ.ប. បានបើកសវនាការដោះស្រាយពាក្យបណ្តឹងលេខ០៥១ ដែលប្រជាពលរដ្ឋប្តឹងបដិសេធបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភព គ.ជ.ប. បានឲ្យដឹងថា ដើមបណ្តឹងឈ្មោះ ម៉ៅ មុន្នី ភេទប្រុស កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨៤ ជាប្រជាពលរដ្ឋ មានទីលំនៅ ផ្ទះលេខ២២អឺ០អឺ១ ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានឆ្លើយនៅក្នុងអង្គសវនាការថា ឈ្មោះបេក្ខជនបួនរូបក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយ ព្រៃទី១ គឺពួកគាត់មិនបានសរសេរ និង ផ្តិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេបនិងសេចក្តីប្រកាសយល់ព្រមឈរ ឈ្មោះជាបេក្ខជននៃគណបក្សភ្លើងទៀនទេ។
តាមការឆ្លើយបំភ្លឺរបស់លោក យ៉ែម សារ៉ាក់ តំណាងគណបក្សភ្លើងទៀន នាពេលសវនាការ បានទទួលស្គាល់ថា បេក្ខជនទាំងបួនរូបខាងលើពិតជាមិនបានបំពេញឯកសារដូចការលើកឡើងរបស់ដើមចោទប្រាកដមែនហើយលោក ក៏ទទួលស្គាល់របាយការណ៍ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រីអគ្គលេខាធិការដ្ឋានគ.ជ.ប.ដែលបានបញ្ជាក់ ចម្លើយរបស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារគណបក្សភ្លើងទៀននៅខណ្ឌបឹងកេងកងថាបេក្ខជនឈរឈ្មោះ របស់គណបក្សភ្លើងទៀនមួយចំនួនមិនបានបំពេញនិងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេបនិងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់នោះទេ គឺក្រុមការងាររបស់គណបក្សភ្លើងទៀនជាអ្នកបំពេញ និងចុះហត្ថលេខាជំនួស។
បន្ទាប់ពីបានពិនិត្យនិងពិចារណាគ្រប់អង្គហេតុ និងអង្គច្បាប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប. យល់ឃើញថា ផ្អែកតាមមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេបនិងសេចក្ដី ប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ។
ដោយយល់ឃើញថាគណបក្សភ្លើងទៀនបានអនុវត្តខុសពីបទប្បញ្ញត្តិដូចមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ក្រុមប្រឹក្សាជំនុំជម្រះនៃគ.ជ.ប.បានសម្រេចយល់ព្រមតាមពាក្យបណ្ដឹងដោយលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃ គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។