ក្រសួងវប្បធម៌ រៀបចំកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ នៅខេត្តសៀមរាប
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោកជំទាវ Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងជាសហប្រធានឥណ្ឌា និងលោកស្រី Guo Wei អនុប្រធានផ្នែកវិទ្យាសាស្ត្រ និងវប្បធម៌នៃគណៈកម្មការជាតិយូណេស្កូចិន និងជាសហប្រធានចិន រួមជាមួយតំណាងប្រទេសជាសមាជិកចំនួន ៤ ទៀតរួមមាន ប៊ែលហ្សិក ជប៉ុន ថៃឡង់ដ៏ និងសហរដ្ឋអាមេរិច អ្នកជំនាញការជាតិ និងអន្តរជាតិសរុចចំនួន ៧០នាក់ ចូលរួមផ្ទាល់ និង៤០នាក់ តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការងារមួយចំនួនដូចខាងក្រោម៖
1. ផែនការការងារអភិរក្សគោបុរៈទី ៥ នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញការឥណ្ឌា
2. ការងារជួសជុលស្ពានហាលនៅចន្លោះគោបុរៈទី៤ និងទី៥ នៃប្រាសាទព្រះវិហារ
3. ការងារជួសជុលជណ្តើរបុរាណខាងជើងក្រោមជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីមូលនិធិទូតសម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក
4. ការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ
5. ការងារកំណាយបុរាណនៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ
6. ការងារអភិវឌ្ឍធនធានទឹកនៅតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ
7. ផែនការគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
កិច្ចប្រជុំពេញអង្គលើកទី ៧ នៃ ICC-Preah Vihear បានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃប្រកបដោយជោគជ័យ និងទទួលបានអនុសាសន៍ល្អៗពីអ្នកជំនាញការអន្តរជាតិ សម្រាប់ផ្តល់ជូនអាជ្ញាធរជាតិព្រះវិហារ យកទៅអនុវត្តបន្តរយៈពេល ៦ ខែ ខាងមុខទៀត ហើយបានកំណត់យកកិច្ចប្រជុំ ICC-Preah Vihear លើកក្រោយនៅខែកញ្ញា ឆ្នាំ ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។