ប្រទេសក្នុងសហគមន៍អឺរ៉ុបខ្វែងកំនិត្យគ្នាពីការដាក់ទណ្ឌកម្មរុស្ស៊ី
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សា ជាមួយសមភាគី អឺរ៉ុប នៅទីក្រុង Brussels កាលពីថ្ងៃទី ២១ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសហុងគ្រី លោក Peter Szijjarto បានបញ្ជាក់ថា ប្រទេសរបស់លោកមិនគាំទ្រ ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងវិស័យប្រេង។
រដ្ឋមន្ត្រីការបរទេសហុងគ្រីបានឲ្យដឹងថា ប្រទេសរបស់លោកមិនគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ដោយការដាក់ទណ្ឌកម្មនោះ មិនមានប្រសិទ្ធភាពឡើយ ផ្ទុយទៅវិញប៉ះពាល់ដល់ខ្លួនឯងផ្ទល់។ លោក Peter Szijjartoបញ្ជាក់ថា យើងមិនគាំទ្ររាល់ការដាក់ទណ្ឌកម្មទៅលើប្រភពផ្គត់ផ្គង់ថាមពលដល់ប្រទេសហុងគ្រីនោះឡើយ។
ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃ២១ខែមីនា មិនអាចស្វែងរកការឯកភាពគ្នាបាន ជុំវិញការពិចារណាចង់ដាក់ទណ្ឌកម្ម ទៅលើវិស័យថាមពលរបស់ប្រទេសរុស្ស៉ី ជាពិសេសគឺប្រេង ដើម្បីឆ្លើយតបចំពោះវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ។
កន្លងមកនេះ សហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរៗមួយចំនួន រួចស្រេចទៅហើយប្រឆាំងនឹងរុស្ស៉ី ក្នុងនោះរួមមានទាំង ការបង្កកទ្រព្យសម្បត្តិរបស់ធានាកណ្តាលរុស្ស៉ីថែមទៀតផង។ យ៉ាងណាមិញ ការបន្តវាយប្រហារឥតស្រាកស្រាន្តរបស់រុស្ស៉ី លើអ៊ុយក្រែន កំពុងបង្កើនសម្ពាធឱ្យមានចំណាត់ការបន្ថែម។
ទោះជាបែបនេះក៏ដោយ ការដាក់គោលដៅលើ ការនាំចេញថាមពលរបស់ប្រទេសរុស្ស៉ី ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិក រួមទាំង ចក្រភពអង់គ្លេសបានធ្វើនោះ គឺជាជម្រើសដែលពិបាកនឹងចុះសម្រុងគ្នាជាខ្លាំង សម្រាប់ប្លុកដែលមានសមាជិក២៧ប្រទេសនេះ ខណៈ EU សព្វថ្ងៃពឹងផ្អែកលើរុស្ស៉ី ដល់ទៅ៤០ភាគរយឯណោះ សម្រាប់បរិមាណឧស្ម័នដែលខ្លួនប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។