អឺរ៉ុប រឹបអូសប្រាក់ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ីបន្ថែមទៀត
ព្រុចសែល៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃអង្គារថា ប្រទេសអ៊ីតាលី និងហូឡង់បានបង្កកទ្រព្យសម្បត្តិដែលមានតម្លៃ ១.៧ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ពលរដ្ឋរុស្ស៊ី ស្របតាមការដាក់ទណ្ឌកម្មរបស់ប្លុកនេះប្រឆាំងនឹងទីក្រុងម៉ស្គូ ជុំវិញការលុកលុយអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអ៉ីតាលីលោក Mario Draghi បាននិយាយនៅថ្ងៃអង្គារថា ប្រទេសអ៊ីតាលីបានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ៨៨២លានដុល្លារ (៨០០លានអឺរ៉ូ) ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ីនៅក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុប បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បាននិយាយទៅកាន់សភាអ៊ីតាលី តាមរយៈវីដេអូអនឡាញ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ANSA។ ជាមួយគ្នានេះ ប្រទេស ហូឡង់ នៅថ្ងៃអង្គារក៏បានប្រកាសបង្កកទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៉ីបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន បានកំណត់គោលដៅលើបុគ្គល ឬអង្គភាពរុស្ស៊ីជាង ៥០០ ដែលទ្រព្យសម្បត្តិ និងធនធានហិរញ្ញវត្ថុរបស់ពួកគេត្រូវទទួលរងនូវការរឹបអូស។ បន្ថែមលើនេះ សហភាពអឺរ៉ុប រួមជាមួយនឹងសម្ពន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី និងចក្រភពអង់គ្លេស បានបង្កើតក្រុមការងារពិសេសមួយ ក្នុងគោលបំណងអនុវត្តការដាក់ទណ្ឌកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។