សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាទ​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២

ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​វិស័យ​កសិកម្ម​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ការអភិវឌ្ឍ​ជនបទ និង​បាន​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ដោយមាន​អង្គភាព​ជំនាញ​ជា​សេនាធិការ​ដែល​បាននិងកំពុង​ខិតខំ​យក​អស់​ស្មារតី​ទទួលខុស​ត្រូវធ្វើ​ការលះបង់​កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ដើម្បី​រៀបចំ​ផែនការ និង​អនុវត្ត​សកម្មភាព​សំខាន់ៗ​សំដៅ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា​លើ​ការងារ​ផលិតកម្ម និង​ការកែច្នៃ​ឲ្យ​អស់​សក្ដានុពល​ដែលមាន​ស្រាប់ ធ្វើយ៉ាងណា​លើកកម្ពស់​ផលិតភាព ពិពិធ​ភាវូបនីយកម្ម និង​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល ព្រមទាំង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង ឆ្លើយតប​ទៅនឹង​ផែនទី​បង្ហាញផ្លូវ​ស្តីពី “​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​ឆ្នាំ​២០៣០” ធ្វើឱ្យ​ប្រសើរឡើង​នូវ​អាហារូបត្ថម្ភ បង្កើន​ការនាំចេញ​កសិផល ដើម្បី​លើកកម្ពស់​ជីវភាព តាមរយ​:​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការធ្វើ​ពិពិធ​កម្ម​ដំណាំ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ និង​នាំចេញ​ប្រកបដោយ​ភាព​ប្រកួត ប្រជែង ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាកម្ម ការផ្ទេរ​បច្ចេកទេស​ក​សិ​កម្ម​ទំនើប ការពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម ដើម្បី​ធានា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ផលិតផល​សម្រាប់​តម្រូវ​ការ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​បង្កើន​សហគ្រិនភាព និង​មាន​លក្ខណៈ​ជា​អាជីព​ក្នុង​ក​សិ​ធុរកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​ន៍​បច្ចេកវិទ្យា​នៅលើ​ខ្សែ​ច្រវាក់​ផលិតកម្ម ឆ្លើយតប​ចំពោះ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ក៏ត្រូវ​បាន​ក្រសួង​កំពុង​ជំរុញ​ឱ្យ​អនុវត្ត​យ៉ាងសកម្ម​។

​សមិទ្ធផល​ទាំងអស់នេះ សម្រេច​ទៅបាន​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​យ៉ាង​ល្អប្រសើរ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា​បោះជំហាន​ឆ្ពោះទៅមុខ ដើម្បី​សម្រេចបាន​នូវ​កិច្ច​អភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព​ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close