មន្ត្រីនគរបាលប្រើហិង្សាលើកូនចុង ត្រូវសមត្ថកិច្ចចាប់ខ្លួន
(សៀមរាប) ៖ មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ដែលត្រូវចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើកូនចុងអាយុ១៣ខែ ហើយត្រូវបានចែកចាយនៅលើបណ្តាញសង្គមនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនហើយកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា មន្ត្រីនគរបាលរូបនេះ ត្រូវសមត្ថកិច្ចនាំខ្លួនពីសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ ទីដែលជននេះកំពុងរៀនវគ្គបំប៉នជំនាញសន្តិសុខផ្ទៃក្នុង ។
បើតាមសមត្ថកិច្ចថា កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២ លោកព្រិន្ទបាលឯក លក្ខិណា វីរៈរិទ្ធ និងម្តាយ ព្រមទាំងកុមារីជនរងគ្រោះ បាននាំគ្នាទៅលេងនៅឯខេត្តព្រះសីហនុ ធ្វើដំណើររៀងៗខ្លួន ដើម្បីទៅជួបគ្នា។ នៅពេលជួបគ្នា លោក លក្ខិណា វីរៈរិទ្ធ បានធ្វើសុំពរកុមារីជនរងគ្រោះ តែកុមារីមិនព្រមស្រាប់តែក្រោយមក ជនបង្កបានធ្វើសកម្មភាពខាំ និងដាល់ទៅលើកុមារី ជាច្រើនកន្លែង លើរាងកាយ។ នៅពេលម្តាយមក ស្រាប់តែគេឆ្លើយដោះសារថា ខាំព្រោះខ្នាញ់ពេក។
នៅថ្ងៃទី១៩ ខែមីនា លោក លក្ខិណា វីរៈរិទ្ធ បានឈ្លោះគ្នាជាមួយម្តាយក្មេងរងគ្រោះ ដែលក្នុងថ្ងៃនោះដដែល ជនបង្ក បានធ្វើសកម្មភាពខាំ និងវាយលើកុមារីបន្ថែមទៀត នៅពេលម្តាយជនរងគ្រោះមិននៅ ធ្វើឲ្យកុមារីទន់ខ្លួន និងអស់កម្លាំង រើបំរាស់។
នៅថ្ងៃទី២០ ខែមីនា ម្តាយក្មេងរងគ្រោះ បានទាក់ទងរកមិត្តភក្កិ ឲ្យមកទទួលខ្លួន និងកូន ចាកចេញពីខេត្តព្រះសីហនុ។ រីឯជនបង្ក បានធ្វើដំណើរតាមឡានក្រុងមកសាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម ។
សមត្ថកិច្ច បានបន្តថា បន្ទាប់នាំខ្លួនពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តសៀមរាប ទាំងយប់នោះ នៅព្រឹក ថ្ងៃទី២៣ ខែមីនា សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។