ព្រះមហាក្សត្រកម្ពុជាផ្ញើព្រះរាជសាររំលែកទុក្ខជូនប្រធានាធិបតីចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុន China Eastern
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ ព្រះអង្គប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ ឯកឧត្តម ស៊ី ជីនភីង ( Xi JinPing )ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។
គួររំលឹកថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនកាលពីថ្ងៃចន្ទ ទី២១ ខែមីនា បានបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ ប្រភេទ Boeing 737 បានធ្លាក់នៅតំបន់ភ្នំមួយក្នុងទីក្រុង Tengxian ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។
អាជ្ញាធរចិនបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះបានដឹកមនុស្ស ១៣២នាក់ក្នុងនោះ មានអ្នកដំណើរ ១២៣នាក់ និងនាវិក ៩នាក់។ ភ្លាមៗនេះ គេនៅមិនទាន់ដឹងថាតើមានអ្នករងរបួសឬអ្នកស្លាប់ ប៉ុន្មាននាក់នៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ តែគិតត្រឹមថ្ងៃទី២៣ខែមីនា នេះ អ្នកសង្គ្រោះពុំបានរកឃើញអ្នកនៅរស់រានជីវិតណាម្នាក់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។