កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត ជា​គោល​ការ​ថ្មី​របស់​កម្ពុជា​

​នៅ​សណ្ឋាគារ អ​ប្សា​រា​ផា​លេស​អង្គរ ទីក្រុង​សៀមរាប ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨, ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ថ្នាក់​តំបន់​ស្តីពី “​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​” ដែល​បាន​រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​មជ្ឈមណ្ឌល CIRAD និង​អង្គការ GRET​។ មាន​វត្តមាន​ក្នុងឱកាស​នោះ គឺមាន​ដៃគូ​ជាច្រើន​ផងដែរ​បាន​ចូលរួម​ដូចជា របស់លោក​ស្រី Naomi Noel តំណាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD), លោក​បណ្ឌិត Philippe Girard តំណាង​មជ្ឈមណ្ឌល CIRAD និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​, លោក Dominique Violas តំណាង​អង្គការ GRET ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ ដែលជា​តំណាង​នៃ​បណ្តា​ប្រទេស​ជាច្រើន​នៅ​អាស៊ី និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដូចជា មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម​បារាំង​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (CIRAD) ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) អង្គការ GRET មជ្ឈមណ្ឌល​គ្រឿងយន្ត​កសិកម្ម​សមស្រប​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​(UN-ESCAP/CSAM)​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សហរដ្ឋអាមេរិក (USAID) អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ​(FAO)​សម្ព័ន្ធ​គ្រឿងយន្ត​កសិកម្ម​សមស្រប​(ASMC) បណ្តាញ​អភិរក្ស​កសិកម្ម​នៅ​អាស៊ីអាគ្នេយ៍ (CANSEA) និង​អង្គការ Swisscontact ដើម្បី​ចូលរួម​ក្នុង​វេទិកា នាពេលនោះ​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការរៀបចំ​វេទិកា​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​វិសេសវិសាល ដែល​រៀបចំឡើង ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច ព្រមទាំង​ទំនើបកម្ម និង​ន​វា​នុ​វត្ត​សង្គម​ក្នុង​តំបន់​កំពុង​តែមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​យ៉ាង​ល្អប្រសើរ ហើយក៏​ជា​សក្ខីកម្ម​មួយ​ដែល​យើង​រំពឹងថា នឹង​ផ្តល់នូវ​លទ្ធផល​ល្អ​នាពេលខាងមុខ សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់​ដើម្បី​ផ្សារភ្ជាប់ ជាមួយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ថ្នាក់​តំបន់​មួយ​យ៉ាង​ល្អប្រសើរ​សម្រាប់​ជា​ចក្ខុវិស័យ​ក្នុងការ​បង្កើន​ផលិតភាព​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព ភាតរ​បរិស្ថាន និង​ភាព​រីកចម្រើន​របស់​ប្រជាជន​យើងទាំងអស់គ្នា​នៅក្នុង​តំបន់​នេះ​។

​សូមបញ្ជាក់ថា ផ្សារភ្ជាប់​ទៅនឹង​វេទិកា​ក្នុងថ្ងៃនេះ គឺមាន​សម្ព័ន្ធភាព​សិក្សា​កសិកម្ម​អេកូឡូស៊ី (ALiSEA) ត្រូវបាន​បង្កើត​ឡើងជា​បណ្តាញ​រួមគ្នា​ជាង​១០០​ស្ថាប័ន ដោយមាន​ការចូលរួម​ពី​អង្គការ​កសិករ​រហូត​ដល់​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ រួមទាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​វិស័យ​ឯកជន​។ លើសពីនេះ​ទៀត​សម្ព័ន្ធភាព​សិក្សា​កសិកម្ម​អេកូឡូស៊ី មាន​គោលបំណង​លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ផ្នែក​កសិកម្ម​អេកូឡូស៊ី​ទាំង​ក្នុងស្រុក និង​ក្នុង​តំបន់ ពិសេស​លើកកម្ពស់​ជំនាញ​ដល់​អ្នកដទៃ ដើម្បី​បង្កើត​ការសិក្សា​ផ្អែកលើ​ភ័ស្តុតាង ហើយ​ចែករំលែក​យ៉ាង​ទូលំទូលាយ ដើម្បី​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ក្នុង​តំបន់​ឆ្ពោះទៅរក​ការធ្វើ​កសិកម្ម​តាម​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ម្ហូបអាហារ​នា​ពេលអនាគត ដែល​ចាំបាច់​ត្រូវមាន​ការផ្លាស់ប្តូ​រការ​ងារ​កសិកម្ម ដើម្បី​ផ្តល់​សន្តិសុខ​និង​សុវត្ថិភាព​ស្បៀង ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ផ្តល់នូវ​ឱកាស​កាន់តែច្រើន​សម្រាប់​កសិករ​ខ្នាតតូច និង​យុវជន​។ ការសម្រេច​គោលដៅ​ទាំងនេះ នឹង​ទាមទារ​ឱ្យមាន​ការរៀបចំ និង​ការលើកកម្ពស់​ប្រព័ន្ធ​កសិកម្ម​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត ដើម្បី​ស្វែងរក​វិធីសាស្ត្រ​អន្តរាគមន៍​ថ្មីៗ ក៏ដូចជា​យន្តការ ស្ថាប័ន និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​វៃឆ្លាត​។​

​យោងតាម​របាយការណ៍​កន្លងមក​បានបញ្ជាក់​ឲ្យ​ដឹងថា សកម្មភាព​កសិកម្ម​អេកូឡូស៊ី បាននិងកំពុង​អនុវត្ត​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​រួមមាន​៖ ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម​។ ការងារ​នេះ ត្រូវបាន​ផ្តួចផ្តើម​ពី​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ផ្នែក​កសិកម្ម​អេកូឡូស៊ី ហើយ​ត្រូវបាន​លើកកម្ពស់​ពី​កសិករ​ខ្នាតតូច ទៅដល់​អ្នកស្រាវជ្រាវ អ្នក​អភិវឌ្ឍន៍ និង​អ្នកអនុវត្ត ដោយមាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សមិទ្ធផល​នានា បាន​គ្របដណ្ដប់​លើ​វិធានការ​ផ្សេងៗ​គ្នា​នៃ​ការផ្លាស់ប្តូរ​កសិកម្ម​អេកូឡូស៊ី​ដូចជា ការយល់ដឹង​អំពី​ដំណើរការ​អេកូឡូស៊ី​នៅក្នុង​ដី និង​ការគ្រប់គ្រង​សត្វល្អិត ការរៀបចំ និង​ការវាយតម្លៃ​អំពី​ការអនុវត្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ប្រព័ន្ធ​ដំណាំ​រួមផ្សំ រួមមាន កសិកម្ម ព្រៃឈើ ជលផល សមាហរណកម្ម​បសុសត្វ កសិកម្ម​អភិរក្ស គ្រឿងយន្ត​កសិកម្ម​សមស្រប ព្រមទាំង​ការកសាង​សមត្ថភាព​កសិករ ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ការអភិវឌ្ឍ​សម្ភារ​គរុកោសល្យ ការលើកកម្ពស់​ការប្រើ​ប្រាស់​ភាព​ចម្រុះ​នៃ​រុក្ខជាតិ ការគាំទ្រ​វិ​ញ្ញាប​ន​ប័ត្រ​នៃ​ផលិតផល​កសិកម្ម​អេកូឡូស៊ី ការអនុវត្ត​ឧបករណ៍ និង​ទំនាក់ទំនង ដើម្បី​ចែករំលែក​ចំណេះដឹង និង​ចំណេះធ្វើ​ជាដើម​។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍន៍​សកម្ម​ភាព​កសិកម្ម​អេកូឡូស៊ី នៅក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ ចាំបាច់​ត្រូវមាន​ការតម្រង់ទិស​កា​រដោះ​ស្រាយ​លើ​បញ្ហា​លើ​ការរេចរឹល​ដី ការបាត់បង់​ជីជាតិ​ដី និង​ការគ្រប់គ្រង​ទឹក​។ ជាមួយគ្នានេះដែរ ក៏ត្រូវ​មានការ​ខិតខំ​ធ្វើការ​រួមគ្នា​ដើម្បី​រក​មធ្យោបាយ រក្សា​ដី​ឱ្យមាន​ជីជាតិ និង​ការពារ​កុំ​ឱ្យមាន​សំណឹក​ដី​។

​ក្នុង​គោលបំណង ដើម្បី​ចូលរួម​ជំរុញ​ការងារ “​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​” ដែលជា​ប្រធានបទ​សំខាន់​ក្នុង​វេទិកា​នា​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចូលរួម​ផ្តល់នូវ​សារ​គន្លឹះ​មួយចំនួន​ជូន​អង្គពិធី​ទាំងមូល​ដើម្បី​ពិចារណា​ដូចតទៅ ៖
​ទី​១. ជំរុញ​ការអនុវត្ត​កសិកម្ម​ល្អ​ប្រកបដោយ​ចីរភាព និង​មាន​ភាព​ធន់​ទ្រាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ដាក់បញ្ចូល​គោលការណ៍​ប្រព័ន្ធ​អេកូឡូស៊ី​ជា​មូលដ្ឋាន ដោយ​ត្រូវ​កំណត់​អត្តសញ្ញាណ និង​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កសិកម្ម​ល្អ ប្រកបដោយ​ភាព​ឆ្លាត​វៃ ស្របតាម​វិធានការ និង​គោលការណ៍​របស់​ប្រទេស​នីមួយៗ និង​គោលការណ៍​រួម​របស់​អាស៊ាន ធានាឱ្យមាន​ការផ្លាស់ប្តូ​រ​បទពិសោធន៍​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ និង​ត្រូវធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​ការកំណត់ និង​ការគ្រប់គ្រង​ហានិភ័យ​ធម្មជាតិ និង​សមត្ថភាព​ទាំងឡាយ​ឱ្យស្រប​ទៅនឹង​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​អាកាសធាតុ​នៅ​គ្រប់​កម្រិត​។​
​ទី​២. ត្រូវអនុវត្ត​រាល់​វិធានការ​នានា ដើម្បី​កាត់បន្ថយ​ការបំផ្លាញ​គុណភាព​ដី ការប្រើប្រាស់​ដី​គ្មាន​និរន្តរភាព និង​ការបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី ដោយ​ត្រូវ​បន្ត​សហការគ្នា រៀបចំ​កំណត់​តំបន់​ដី​កសិកម្ម​ឱ្យបាន​សមស្រប​សម្រាប់​ទិសដៅ​ប្រើប្រាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close