៤ខែឆ្នាំនេះ! កម្ពុជា រកចំណូលបានជាង ១២៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ

រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែមេសា ឆ្នាំ២០២៤ មានចំនួន១២៥ ១៥៦ ៨៣៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន៦១៧ ១១៤ដុល្លារ»។

បើតាមរបាយការណ៍, គិតត្រឹមខែមេសា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៣២ដុល្លារ ក្នុង១តោន កើនឡើងចំនួន២ដុល្លារ ក្នុង១តោន ស្មើនឹង១.១៣% ធៀបនឹងខែមុន និងបានកើនឡើងចំនួន៩៤ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ មានតម្លៃ១២៦ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close