រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរ ថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៨ មីនា
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥៖០០នាទី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យព្រះអង្គឌួងនឹងរៀប ចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលស្ថិតនៅភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីព្រះនរោត្តម ចាប់ពី វិថីឧកញ៉ាអ៊ុងប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ដល់វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) កំណាត់វិថីព្រះអង្គឌួង (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) កំណាត់វិថីក្រមួនស (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តម កំណាត់វិថីព្រះជ័យជេដ្ឋា(ផ្លូវលេខ១១៨) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) និងកំណាត់វិថីព្រៃនគរ (ផ្លូវលេខ១២៦) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។