អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អ្នកជំនាញការ ចុះ​ពិនិត្យ​គម្រោង​អភិរក្ស និង​ជួសជុល​ចម្លាក់​ព្រះ​ឥសូរ​រាំ​

​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ព្រះវិហារ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ និង​អ្នកជំនាញការ adhoc ICC-Preah Vihear បាន​ចុះ​ពិនិត្យ​ដំណើរការ​ជួសជុល​ចម្លាក់​ព្រះ​ឥសូរ​រាំ​នៅក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​ដោយ​ស្ថាប័ន​សាលា​បារាំង​ចុង​បូព៌ា​។

​ព្រះ​ឥសូរ​រាំ​នេះ ជា​ចម្លាក់​ដែលមាន​ទំហំ​ធំជាងគេ ដែលមាន​កំពស់​ជិត ៦ ម៉ែត្រ មាន​ទីតាំង​ដើម​នៅក្នុង​ប្រាសាទក្រហម តំបន់​កោះ​កេរ ហើយ​ត្រូវបាន​ខូ​ត​ខាត​ជា​បន្តបន្ទាប់​តាំងពី​ចុង​សម័យអង្គរ​រហូតដល់​បច្ចុប្បន្ន ដោយ​កត្តា​ធម្មជាតិ និង​មនុស្ស​។ បំណែក​រូបចម្លាក់​នេះ ត្រូវបានធ្វើ​កំណាយ​នឹង​ប្រមូល​យកមក​រក្សាទុក​នៅក្នុង​ឃ្លាំង​អភិរក្ស​ដ្ឋា​ន​អង្គរ ដើម្បី​ជួសជុល​។

​ក្រោយពី​បាន​ពិនិត្យ​ការបិទ​ផ្គុំ​រូបចម្លាក់​បាន​មួយចំនួន​ជា​ផ្នែកៗ​មក ស្ថាប័ន​ខាងលើ​បាន​បើក​ការប្រជុំ​ពិភាក្សាគ្នា​តាម​ប្រព័ន្ធ zoom ជាមួយ​ភាគី​ពាក់ព័ន្ធ អំពី​វិធីសាស្ត្រ​នៃ​ការ​ផ្គុំ​តម្លើង​បំណែក​ចម្លាក់​ធំៗ​ដែល​បាន​បិទ​ភ្ជាប់​មួយចំនួន​ហើយ​។ ការ​ផ្គុំ​បំណែក​ចម្លាក់​ឡើងវិញ​នេះ នឹង​ស្នើ​ប្រើ​គ្រោងឆ្អឹង​ដែក ដើម្បី​ត​ភ្ជាប់​បំណែក​ទាំងនោះ​។

​ក្រុមការងារ​នឹង​ចេញ​ប្លង់​ជួសជុល​ថ្មី​ដោយ​គិតគូរ​លម្អិត​លើ​គ្រោងឆ្អឹង​ដែក និង​គណនា​ទម្ងន់​ថ្ម​ដែល​គ្រោងឆ្អឹង​ដែក​អាច​ទ្រ​បាន ហើយនឹង​ពិភាក្សាគ្នា​បន្តទៀត​មុន​ឈានដល់​សម្រេច​ការជួសជុល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close