លោក ព្រហ្ម ម៉ាញ ទទួលបាន​ថវិកា ៥០០០​ដុល្លារ ពីស​ម្ដេច ស ខេង និង​លោកជំទាវ ខណៈ​កំពុង​ព្យាបាល​ជំងឺលើសឈាម​!

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព​លោក​វីរៈ​សិល្បៈករ ព្រហ្ម ម៉ាញ កំពុងស្ថិត​ក្នុងការ​ព្យាបាល​ជំងឺលើសឈាម ចាប់ពី​ថ្ងៃទី​១៩ ខែមីនា​មក​នោះ នៅ​ថ្ងៃទី​២៤ ខែមីនា​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចាត់តាំង​មន្ត្រី​ខុទ្ទកាល័យ​នាំយក​ថវិកា​ឧបត្ថម្ភ​របស់​សម្ដេច និង​លោកជំទាវ ចំនួន​៥០០០​ដុល្លារ ប្រគល់ជូន​លោក​វីរៈ​សិល្បៈករ ព្រហ្ម ម៉ាញ ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​ប៉ាស៊ីហ្វិក​ភ្នំពេញ​។

​ស្ថានភាព​សុខភាព​លោក​វីរៈ​សិល្បៈករ ព្រហ្ម ម៉ាញ បាន​ប្រសើរ​គ្រាន់បើ​ច្រើនជាង​ថ្ងៃ​ដែល​លោក​ចូល​មន្ទីរពេទ្យ​ដំបូង​កាលពី​ថ្ងៃទី​១៩ ខែមីនា ប៉ុន្តែ​លោក​នៅ​មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ​។ អំណោយ​ថវិកា​របស់​សម្ដេច​ក្រឡា​ហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន សខេង ដែល​បាន​ប្រគល់ជូន​លោក​វីរៈ​សិល្បៈ​នាពេលនេះ គឺជា​ការបង្ហាញ​អំពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​សម្ដេច និង​លោកជំទាវ ចំពោះ​លោក​វីរៈ​សិល្បៈករ​ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការអភិរក្ស​និង​លើកកម្ពស់​វិស័យ​សិល្បៈ ពិសេស​សិល្បៈ​អា​យ៉ៃ​។​

​លោក​វីរៈ​សិល្បៈករ ព្រហ្ម ម៉ាញ មាន​សេចក្ដីរំភើប​ក្ដុក​ក្រួ​ល​យ៉ាង​ក្រៃលែង​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ឧត្តុង្គឧត្តម​របស់​សម្ដេច​ក្រឡាហោម និង​លោកជំទាវ​ដែល​បានផ្ដល​នូវ​ថវិកា​ឧបត្ថម្ភ ដើម្បី​រួមចំណែក​សម្រាល​បន្ទុក​នៃ​ការចំណាយ​ព្យាបាល​ជំងឺ​របស់លោក​ក្នុង​គ្រានេះ​ទៀត បន្ទាប់ពី​សម្ដេច និង​លោកជំទាវ តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ផ្ដល់​ការ​ឧ​ត្ថ​ម្ភ​គាំ​ទ្រួ​ទាំង​ថវិកា​និង​ស្បៀងអាហារ​ជា​ទៀងទាត់​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរ​ប​ង្រៀ​ង និង​រៀន​អា​យ៉ៃ នៅ​សាលាបង្រៀន​អា​យ៉ៃ ព្រហ្ម ម៉ាញ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

​សូមបញ្ជាក់ថា​ដើម្បី​រួមចំណែក​អភិរក្ស និង​លើកស្ទួយ​វិស័យ​សិល្បៈ​អា​យ៉ៃ​នៅ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន សខេង ក៏បានផ្ដល់​ការគាំទ្រ​នូវ​ថវិកា និ​ស្បៀងអាហារ​ជា​ទៀងទាត់​ចាប់ពី​ចុងឆ្នាំ​២០២១​មក ហេ​ី​យ​ចាប់តាំងពី​ដេ​ី​ម​ឆ្នាំ​២០២២​មក​ដោយបាន​បន្ថែមចំនួន​ទឹកប្រាក់​ពី​២០០០​ដុល្លារ​ទៅ​២៣០០​ដុល្លារ​ក្នុង​មួយខែ ជូន​សាលាបង្រៀន​អា​យ៉ៃ​បុរាណ ព្រហ្ម ម៉ាញ ដែល​កំពុង​បណ្ដុះបណ្ដាល​ធនធាន​ជំនាន់​ក្រោយ​ឱ្យ​ចេះ​នូវ​ជំនាញ​សិល្បៈ​ដ៏​មាន​ប្រជាប្រិយ៍​មួយ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close