កីឡាករ​កីឡាការិនី​កម្ពុជា​-​ចិន​១០​គូ​នឹងធ្វើ​ឲ្យ​កក្រើក​សង្វៀន «​ស្តេច​ប្រដាល់​អង្គរ​» នា​ថ្ងៃទី​១០​មេសា នៅ​ខេត្តសៀមរាប​

​កីឡាករ កីឡាការិនី​កម្ពុជា​-​ចិន​ចំនួន​១០​គូ​នឹងធ្វើ​ឲ្យ​កក្រើក​ដ៏​ទាក់ទាញ នៅ​លើស​ង្វៀង ស្តេច​ប្រដាល់ «​ស្តេច​ប្រដាល់​អង្គរ​» ឬ Angkor King Fight ដែល​គ្រោង​នឹងធ្វើ​ឡើង នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២​កន្លងទៅ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​ ​ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង NOCC, សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​, សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​, សហព័ន្ធ​ឃី​ក​បុក​ស៊ី​ង​កម្ពុជា និង​ក្លិប​ប្រដាល់ Loonghai Fight Club​។​

​លោក​បណ្ឌិត មាម រ៉ា ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្ដរជាតិ និង​ជា​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​លើកដំបូង​លើ​ទឹកដី​អង្គរ​នេះ គឺមាន​១០​គូ ដែល​សម្រិតសម្រាំង​សុទ្ធតែ​កីឡាករ​-​កីឡាការិនី​ជើង​ខ្លាំង​ចូលរួម​ប្រកួត​។ លោក​បណ្ឌិត​បានចាត់ទុក​ការរៀប​ចំនេះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​កម្ពុជា ក្នុង​ការវាស់ស្ទង់​គុណភាព​សមត្ថភាព ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ ជាពិសេស​សម្រួច​គោលដៅ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក Guo Yang នាយក​ក្លិប Longhai Fight Club នៃ​ប្រទេស​ចិន​បានបង្ហាញ​នូវ​ក្តី​រីករាយ​យ៉ាងខ្លាំង ដែល​ក្លិប​របស់លោក​បានរួម​ចំណែក​សហការ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ដ៏​សំខាន់​នេះ ដើម្បី​រឹតចំណង​មិត្តភាព និង​សាមគ្គីភាព​រវាង​ប្រទេស​-​ប្រជាជន​ទាំងពីរ ក៏ដូចជា​រួមចំណែក​គាំទ្រ​ដល់​ក្បាច់គុន​បុរាណ​ខ្មែរ​។ លោកនាយក​សង្ឃឹមថា ក្រោយ​ចប់​ព្រឹត្តិការណ៍​នេះ​នឹងមាន​មនុស្ស​ជាច្រើន​បាន​ស្គាល់​ពី​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ ហើយ​ធ្វើ​ឲ្យ​ប្រដាល់​គុន​ខ្មែរ​កាន់តែ​ល្បីល្បាញ​ខ្លាំង ទាំង​នៅ​ប្រទេស​ចិន និង​ពិភពលោក​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍​ដែរ​ថា ការប្រកួត «​ស្ដេច​ប្រដាល់​អង្គរ​» ដែល​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​១០ ខែមេសា នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នឹង​ប្រើប្រាស់​ការប្រកួត​តាមបែប​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​ឃី​ក​ប៊ុ​ក​ស៊ី​ង​។ ព្រឹត្តិការណ៍​នេះ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ដើម្បី​ផ្សព្វផ្សាយ និង​ស្វែងរក​ការគាំទ្រ​ជា​អន្ដរជាតិ សម្រាប់​កីឡា​អត្តសញ្ញាណ​ជាតិ គឺ​ប្រដាល់​គុន​ខ្មែរ និង​យុទ្ធ​គុន​ចម្រុះ​របស់​កម្ពុជា​។

​ការប្រកួត​អន្តរជាតិ​នេះ​ក៏​ជាការ​ផ្សាភ្ជាប់​ជាមួយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ខេត្តសៀមរាប នាពី​ថ្ងៃទី​០៨-១០ ខែមេសា​ផងដែរ​។ ដូច្នេះ នេះ​គឺជា​ពេលវេលា​មួយ​សមស្រប ដើម្បី​បង្ហាញជូន​បណ្ដា​ប្រទេស​អាស៊ាន និង​ទាក់ទាញ​ការគាំទ្រ​ដល់​គុន​ខ្មែរ ហើយ​បញ្ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​របស់គេ មក​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​គណៈកម្មការ​រៀបចំ ពិសេស​សហព័ន្ធ​កីឡា​ជាតិ​ត្រូវខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កីឡាករ​-​កីឡាការិនី​ក្នុងការ​ប្រកួត​។ រីឯ​កីឡាករ​-​កីឡាការិនី ក៏ត្រូវ​គោរព​បទបញ្ជា​ការប្រកួត និង​វិន័យ​ឲ្យ​បាន​ខ្ពស់​ផងដែរ ទោះបី​លទ្ធផល​ឈ្នះ​-​ចាញ់​ក៏ដោយ ដើម្បី​វិ​វ​ឌ្ឍ​ខ្លួន​ទៅរក​លក្ខណៈ​អាជីព និង​ត្រៀម​ឆ្ពោះទៅរក​ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២៣ ដែលជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close