ពលរដ្ឋ​រស់នៅ​តំបន់​អង្គរ ទទួល​ប្រយោជន៍​ពី​អនុផល​ព្រៃឈើ ក្នុង​តំបន់​អង្គរ​

​ផ្លែ​គុយ ផ្លែ​សិរមាន់ ផ្ញៀវ និង​ផ្លែឈើព្រៃ​មួយចំនួនទៀត បានចាប់ផ្តើម​ប្រមូល​ផល​ហើយ ដែល​នេះ​សុទ្ធសឹង​ជា​អនុផល​ពី​ព្រៃឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ អនុផល​ទាំងនោះ បានផ្តល់​ជា​ចំណូល​បន្ថែម​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​។​
​ប្រជាពលរដ្ឋ​រស់នៅក្នុង​រមណីយដ្ឋាន​អង្គរ ចាប់ផ្តើម​ប្រមូល​ផល​ផ្លែឈើព្រៃ​នៅ​តំបន់​ជុំវិញ យក​លក់ដូរ​នៅតាម​ផ្លូវ​ក្បែរ​ប្រាសាទ ដែល​គេ​ឃើញ​ច្រើនជាងគេ គឺ​នៅតាម​ផ្លូវ​ប្រាសាទអង្គរវត្ត ដូចជា​ផ្លូវ​កូ​ម៉ៃ​ជាដើម​។

​អ្នកស្រី យឹ​ប កត រស់នៅ​ភូមិ​ទ​ស្សិន​ខាងត្បូង សង្កាត់​គោកចក លក់​ផ្លែឈើ​លើផ្លូវ​កូ​ម៉ៃ រយៈពេល​៦​ឆ្នាំ​មកហើយ​។ អ្នកស្រី​មាន​លក់​ផ្លែឈើ​ចម្រុះ​ជាច្រើន ហើយ​រដូវ​នេះ​ផ្លែឈើ​មាន​លក់​ច្រើនជាងគេ មាន​គុយ សិរមាន់ និង​ផ្ញៀវ​។ អ្នកស្រី​ប្រាប់ថា ឆ្នាំនេះ​ផ្លែឈើព្រៃ ដូចជា​គុយ និង​សិរមាន់ រៀង​សម្បូរ​ជាង​ឆ្នាំទៅ​មិញ និង​លក់បាន​តម្លៃ​សមរម្យ​។
​ចំណែក​អ្នកលក់​មួយរូប​ទៀត គឺ​អ្នកស្រី ចំប៉ី ក៏​កំពុង​មមាញឹក​ក្នុង​ការរៀបចំ​ផ្លែឈើ​ដាក់លក់​លើ​កញ្ច្រែង និង​ចង​ភ្ជួរ​ជា​ចង្កោមៗ ដើម្បី​ទាក់ទាញ​អ្នកទិញ​ផងដែរ​។ អ្នកស្រី​ប្រាប់ថា ផ្លែ​គុយ និង​ផ្លែ​សិរមាន់ ជា​ផ្លែឈើព្រៃ​ប្រចាំ​តូប​នា​រដូវ​នេះ ហើយ​អតិថិជន​ចូលចិត្ត​ទិញ​ពិសា​រណាស់ ពិសេស​អ្នកទេសចរ​មកពី​ចម្ងាយ​។​

​ដ្បិត​ជា​អ្នកលក់​បន្ត តែ​អ្នកស្រី ចំប៉ី បានដឹង​តាម​អ្នកភូមិ​មក​ថា តំបន់​ដែល​សម្បូរ​ផ្លែឈើព្រៃ​ជាងគេ​នៅ​តំបន់​អង្គរ ដូចជា​ផ្លែ​គុយ គឺមាន​ដុះ​ច្រើន​នៅ​តំបន់​ប្រាសាទព្រះខ័ន នាគព័ន្ធ និង​ទំនប់​បារាំង ជាដើម ដែល​អនុផល​ទាំងនោះ ជួយ​រក​ចំណូល​មួយផ្នែក​ដល់​ពលរដ្ឋ​នៅ​តំបន់​ជុំវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close