ចុងសប្ដាហ៍ទី១ ខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ២១ម៉ឺននាក់
(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា នាថ្ងៃចុងសប្ដាហ៍ថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវសរុបមានចំនួន ២១២,៨៣៦នាក់ ក្នុងនោះភ្ញៀវជាតិ ១៩៩,១១៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៣,៧២៣នាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា ចរន្តភ្ញៀវក្នុងចុងសប្តាហ៍នេះ មានសន្ទុះកើនឡើងវិញបន្តិច បន្ទាប់ពីមានការថមថយនា២សប្តាហ៍ចុងក្រោយនេះ ដែលជះឥទ្ធិពល ពីការកើនឡើងតំលៃប្រេងសាំង។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ៣,១% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ទន្ទឹមនឹងនេះនាចុងសប្តាហ៍នេះ ពិសេសថ្ងៃអាទិត្យនេះមានប្រជាពលរដ្ឋដែលជាប់ខ្សែស្រឡាយចិន បានចេញធ្វើដំណើរទៅស្រុកកំណើត ដើម្បីធ្វើពិធីសែនឆេងម៉េង ដែលបានចរាចរណ៍នាតាមដង ផ្លូវជាតិមួយចំនួនមានការកកកុញតាំងពីព្រឹកព្រលឹម។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗដែលមានពលរដ្ឋទៅលេងច្រើនជាងគេ រួមមាន៖ ខេត្តព្រះសីហនុ ៣១,៧២៣នាក់, រាជធានីភ្នំពេញ ២៧,៨៥០នាក់, ខេត្តកំពត ២៥,៥៦៤នាក់, ខេត្តបាត់ដំបង ២៣,២១៧នាក់, ខេត្តសៀមរាប ២១,៦១៥នាក់, ខេត្តកែប ១៦,៣៨២ នាក់ និង ខេត្តពោធិ៍សាត់ ១២,៩៦៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។