ក្រុម BURN X FLASH ឈ្នះ​ជើងឯក​កីឡា​អេឡិចត្រូនិក​ពានរ​ង្វាន់ T.Y E-Champion 2022

​នៅ​ទីបំផុត ក្រុម BURN X FLASH បាន​ក្លាយជា​ម្ចាស់​ជើងឯក ពានរង្វាន់​កីឡា​អេឡិចត្រូនិក ពានរង្វាន់ T.Y E-Champion 2022 រដូវ​កាល​ទី​១ បន្ទាប់ពី​បាន​យកឈ្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២ នៅ​សាល​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក ពានរង្វាន់ T.Y E-Champion 2022 នេះ​បាន​ដំណើរការ​ពីថ្ងៃ​ទី​១០ ខែកុម្ភៈ ដល់​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២ ដោយមាន​ក្រុម​ចូលរួម​ដំបូង​រហូតដល់ ២៥៦​ក្រុម និង​មាន​កីឡាករ ១២៨០​នាក់ និង​គ្រូបង្វឹក ២៥៦​នាក់ ដោយ​ប្រកួត​លើ​វិញ្ញាសា Mobile Legend Bang Bang​។​

​ឆ្លងកាត់​ការប្រកួត​ជាច្រើន​ដំណាក់កាល​យ៉ាង​ស្វិតស្វាញ​ជា​បន្តបន្ទាប់ ចុងក្រោយ​លទ្ធផល​ទទួល​បានរួម​មាន​៖ ចំណាត់ថ្នាក់​លេខ​៧-៨ បាន​ទៅលើ​ក្រុម Darkside និង ក្រុម Dead or Alive, ចំណាត់ថ្នាក់​លេខ​៥-៦ ក្រុម Infamous Legends និង ក្រុម Team Max, ចំណាត់ថ្នាក់​លេខ​៤ ក្រុម DG Quantum, ចំណាត់ថ្នាក់​លេខ​៣ ក្រុម Impunity KH, ចំណាត់ថ្នាក់​លេខ​២ ក្រុម SEE YOU SOON, ចំណាត់ថ្នាក់​លេខ​១ ក្រុម BURN X FLASH​។ សម្រាប់​ប្រាក់រង្វាន់​ជ័យលាភី​មាន​រហូតដល់ ១០០​លាន​រៀល ក្នុងនោះ​ចំណាត់ថ្នាក់​លេខ​១ ទឹកប្រាក់ ៥០​លាន​រៀល​, លេខ​២ ទឹកប្រាក់ ២៥​លាន​រៀល​, លេខ​៣ ទឹកប្រាក់ ១៥​លាន​រៀល​, លេខ​៤ ទឹកប្រាក់ ៤​លាន​រៀល​។ លើសពីនេះទៅទៀត​ក៏មាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​៤​ក្រុម​ដែល​មិនបាន​ទៅ​វគ្គ​បន្ត ដោយ​ក្នុង​១​ក្រុម​ទទួលបាន​ប្រាក់រង្វាន់ ១​លាន​៥​សែន​រៀល​។​

លោក លន់ សាម​ឌី អគ្គលេខាធិការ សហព័ន្ធ​កីឡារ​អេឡិចត្រូនិក​កម្ពុជា​បាន​ចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ក្នុង​ការជួយ​ជំរុញ​ការអភិវឌ្ឍ​គុណភាព​សមត្ថភាព​កីឡាករ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ពីព្រោះថា​ប្រភេទ​កីឡា​អេឡិចត្រូនិក​មាន​បេសកកម្ម​ធំៗ​ចំនួន​ពីរ​ចំពោះមុខ គឺ​ត្រៀម​ចូលរួម​ប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ និង​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា និង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​។​

​លោក ឈុន សំណាង អគ្គនាយក​ក្រុមហ៊ុន​ធី វ៉ា​យ មេ​ឌា & អ៊ែត​វើ​ថា​យ​ស៊ី​ង​គូសបញ្ជាក់ថា ការប្រកួត​នេះ​នឹង​រួមចំណែក​អភិវឌ្ឍ​ឲ្យ​កាន់តែ​រឹងមាំ​ក្នុង​បច្ចេកទេស​របស់​កីឡាករ ជាពិសេស​ក្រុម​ជម្រើសជាតិ ក្នុងការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​។​

​លោក​អគ្គនាយក​បន្ថែម​ថា សម្រាប់​ការរៀបចំ​ឆាក​ប្រកួត​គឺមាន​លក្ខណៈ​ធំ​ស្តង់ដារ​មួយ ហើយ​ពេល​ក្រុម​ជម្រើសជាតិ​ឡើង​ប្រកួត​លើ​ឆាក​ធំ​យ៉ាងណា ក៏​មិនមាន​អារម្មណ៍​ភិតភ័យ​ដែរ ដោយ​ផ្តោតអារម្មណ៍​តែ​លើ​ការប្រកួត​ប៉ុណ្ណោះ​។ ដូច្នេះ​លោក​ជឿថា ក្រុម​កម្ពុជា​នឹង​អាច​ប្រកួតប្រជែង​អស់ពី​សមត្ថភាព និង​ដណ្តើមបាន​លទ្ធផល​ល្អប្រសើរ​ជាក់​ជាមិនខាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close