រដ្ឋមន្ត្រី​ទេសចរណ៍ បង្ហាញ​គោលដៅ​ទេសចរណ៍សុវត្ថិភាព សម្រាប់​ដំណើរ​កម្សាន្ត ឱកាស​បុណ្យចូលឆ្នាំថ្មី

​ភ្នំពេញ​៖ សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​មិនទាន់មាន​ជម្រើស​ក្នុងការ​ទៅ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​វិស័យ​ទេសចរណ៍​ឯកជន បានបង្ហាញ​អំពី​ជម្រើស​គោលដៅ​មួយចំនួន ខណៈ​មូលដ្ឋាន​គោលដៅ​ទេសចរណ៍​តាម​ខេត្ត​សំខាន់ៗ ក៏បាន​អះអាង​ពី​ការរៀបចំ​ត្រៀមចាំ​ទទួលភ្ញៀវ​ទេសចរ​ផងដែរ​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបញ្ជាក់​ឱ្យដឹងថា យោងតាម​អ្វីដែល​ក្រសួងទេសចរណ៍ បាន​សង្កេតឃើញ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២១​មក គឺមាន​ការរំពឹងទុក​ថា នឹង​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន នាឱកាស​បុណ្យចូលឆ្នាំ​ខាងមុខ ខណៈ​មកទល់ពេលនេះ នៅ​គោលដៅ​ធំ​មានការ​កក់​សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់​ដែរ​ហើយ ដូចជា សៀមរាប មណ្ឌលគិរី ខេត្ត​ជាប់​តំបន់ឆ្នេរ​ជាដើម​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ទោះបី​សាំង​ឡើងថ្លៃ តែ​ប្រជាពលរដ្ឋ​ក៏​មានការ​សន្សំសំចៃ​ដែរ ដើម្បី​ទុក​ថវិកា​ចាយវាយ​នៅពេល​ចូលឆ្នាំ​…..​មិន​ជិះឡាន​មួយម្នាក់​ឯង​ទេ គឺអាច​ធ្វើដំណើរ​ទៅជា​ក្រុមៗ ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ​ក្នុងការ​ធ្វើដំណើរ​»​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ត​លើកឡើង​អំពី​គោលដៅ​ពិសេសៗ​មួយចំនួន​ដូចជា​នៅ​សៀមរាប​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​កែលម្អ​សោភ័ណភាព​បាន​ច្រើន ការដើរ​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​អង្គរ​ក៏​ពោរពេញ​ដោយ​ធាតុអាកាស​ត្រជាក់​ស្រួល ខណៈដែល​នៅ​ក្រុង​សៀមរាប សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​ទើបនឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ទាំង​៣៨​ខ្សែ​រួចរាល់​ហើយ​ដែរ​។ នៅ​ក្រុងព្រះសីហនុ ក៏​ជា​គោលដៅ​ទេសចរណ៍​មួយ​ធំ​ដែរ ដោយសារ​ភ្ញៀវទេសចរ​ចង់ទៅ​មើល​ការអភិវឌ្ឍ​ទីក្រុង លេង​ទឹកសមុទ្រ ឆ្នេរ​ខ្សាច់​ស្អាតៗ បណ្ដា​កោះ​ក៏មាន​ភាព​ទាក់ទាញ​ច្រើន​។ នៅ​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី​ក៏​កក់​បាន​ច្រើន​ដែរ​។ ក្រៅពីនោះ នៅ​ខេត្តបាត់ដំបង​ដែលមាន​តំបន់​ក​សិ​ទេសចរណ៍​ក៏មាន​ការរៀបចំ​បានល្អៗ​ដែរ​។ នៅមាន​ការកើតឡើង​នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ​ច្រើន ដូចជា​អេកូ​ទេសចរណ៍​នៅ​ខាង​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និយាយ​រួម ស្ទើរតែ​គ្រប់​ខេត្ត​ទាំងអស់​គឺ​បានរៀបចំ​ឱ្យមាន​តំបន់​ក​សិ​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​រំឭក​អំពី​គោលការណ៍​ថ្មី​នៃ​ការធ្វើដំណើរ​កម្សាន្ត​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់ចុះ​ថ្មីៗ​នេះ គឺ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការងារ​បី​ចំណុច​៖

​ទី​១៖ ត្រូវអនុវត្ត​នូវ​វិធានការណ៍ «៣-​ការពារ ៣-​កុំ​» ប្រកាន់ខ្ជាប់​នូវ​ការពាក់​ម៉ាស រក្សា​គម្លាត សម្អាត​នឹង​ទឹក​អាកុល​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវយក​កាត​វ៉ា​ក់​សាំង​ដាក់​តាម​ខ្លួន រាល់ពេល​ចេញ​ដើរ​កម្សាន្ត ព្រោះ​មាន​កន្លែង​ខ្លះ​តម្រូវឱ្យ​ភ្ញៀវ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង ម្យ៉ាងទៀត​ក្រសួងសុខាភិបាល​ក៏មាន​ការលើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​កម្សាន្ត​នោះ​តែម្ដង ប្រសិនបើ​ដល់​វេន​ចាក់​ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​)​។​

​ទី​២៖ ត្រូវ​ប្រកាន់​នូវ​ស្មារតី​គោរព​ច្បាប់​ចរាចរណ៍​ក្នុងការ​បើកបរ​ធ្វើដំណើរ ដើម្បីឱ្យ​ការធ្វើដំណើរ​ឱ្យទៅដល់​គោលដៅ និង​ត្រលប់មក​ផ្ទះ​វិញ​ប្រកបដោយ​សុវត្ថិភាព​។​

​ទី​៣៖ ត្រូវ​ប្រកាន់​ខ្ជាន់​នូវ​ការថែរក្សា​អនាម័យ​ជាប់​ជានិច្ច ដើម្បី​បង្ការ​ការពារ​ការឆ្លង​ជំងឺឆ្លង​ផ្សេងៗ ពិសេស​គឺ​ជំងឺ​កូ​វីដ​១៩ (​អូ​មី​ក្រុង​)​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​លើកឡើងថា ការជំរុញឱ្យ​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន​បែបនេះ ក៏ដោយ​សារ​មាន​ហេ​ដ្ឋ​រចនា​សម្ពន្ធ​ល្អ និង​ក្រោម​ម្លប់​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។ ទោះជា​យ៉ាងណា ក្រសួងទេសចរណ៍​ក៏បាន​ដាក់ចេញ​នូវ​សារាចរ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​ទូទាំងប្រទេស និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចូលរួម​អនុវត្ត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close