ទេសរដ្ឋមន្ត្រី លី ធុជ៖ ​កម្ពុជា បញ្ចប់​ការ​គម្រាមកំហែង ដោយសារ​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥

​ភ្នំពេញ​៖​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២២ នៅ​ទី​ស្នាក់​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ លោក Miles Hawthorn ប្រធាន​អង្គការ HALO Trust (​ថ្មី​) ប្រចាំ​នៅ​កម្ពុជា និង​លោក Lasha Lomidze អតីត​ប្រធាន​អង្គការ HALO Trust ចប់​អាណត្តិ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ស្តីពី​ភាពជា​ដៃគូរ និង​កិច្ចសហប្រតិបត្តិការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​របស់​អង្គការ HALO Trust ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្តល់​ដី​មាន​សុវត្ថិភាព និង​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

​ឯកឧត្ដម ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា អង្គការ HALO Trust បាន​ចូលរួម​ចែករំលែក​យ៉ាងច្រើន​នូវ​បទពិសោធន៍ ការតាំង​ចិត្ត ទស្សនវិស័យ និង​ការណែនាំ​បច្ចេកទេស​ដល់​ការងារ​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន និង​គោលការណ៍​ណែនាំ​ផ្សេងៗ​សម្រាប់​ការធ្វើ​ឲ្យ​ប្រសើរ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ការតាំង​ចិត្ត​យ៉ាង​មុះ​មុត​ក្នុងការ​បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥ និង​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍន៍ ប្រទេស​ជា​មិត្ត និង​សប្បុរសជន ក៏ដូចជា​វិស័យ​ឯកជន​ផងដែរ​។

សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ១៩៩១ អង្គការ HALO Trust Cambodia បាន​បោសសម្អាត​លើ​ផ្ទៃដី​រង​ប៉ះពាល់​ដោយសារ​មីន និង​យុទ្ធ​ភ័​ណ្ឌ​ទាន់​ផ្ទុះ​ប្រមាណ ៤២៥ គីឡូម៉ែត្រ​ក្រឡា រកឃើញ​និង​កម្ទេចចោល​នូវ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាង ៥២៧.០០០ គ្រាប់ ព្រមទាំង​បានផ្តល់​ដី​មាន​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់​។ អង្គការ HALO Trust មាន​បុគ្គលិក​ជនជាតិខ្មែរ​ចំនួន ១.១៣០ នាក់ ក្នុងនោះ ៤០% ជា​ស្ត្រី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close