រដ្ឋបាលខេត្ត​ព្រះសីហនុ អនុញ្ញាតឱ្យ​ស្ថាប័ន និង​ក្រុមហ៊ុន​ចំនួន​៤ រៀបចំ​ព្រឹត្តិការណ៍ អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ

​ខេត្ត​ព្រះសីហនុ​៖ ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២២ នាពេលខាងមុខ រដ្ឋបាលខេត្ត​ព្រះសីហនុ បានអនុញ្ញាត​ជាគោលការណ៍ និង​សម្របសម្រួល​ឱ្យ​ស្ថាប័ន និង​ក្រុមហ៊ុន ចំនួន​០៤ រៀបចំ​ព្រឹត្តិការណ៍​ដូចខាងក្រោម​៖


-​ក្រុមប្រឹក្សា​យុវជន​កម្ពុជា កាយ​រិ​ទ្ធិ កាកបាទក្រហម និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៃ​វិទ្យាល័យ​ក្រុងព្រះសីហនុ និង​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព រៀបចំ​លេង ល្បែង​ប្រជាប្រិយ​ខ្មែរ ចាប់ពី​ថ្ងៃទី​១០-១២ ខែមេសា ឆ្នាំ​២០២២ នៅ​ដី​ចំណី​ឆ្នេរ​សាធារណៈ (​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​) ក្បែរ​បន្ទប់ទឹក​សាធារណៈ​លេខ​១១ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។
-​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​ការ ប្រកួត​កីឡា​ទាញព្រ័ត្រ​ឆ្នេរ​ខ្សាច់ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២២ នៅ​ឆ្នេរ​ឯករាជ្យ និង​ការប្រគុំ​តន្ត្រី​នៅ​ដីឡូត៍ ឯកជន​ជាប់​អតីត​ពហុ​កីឡដ្ឋាន​ក្រុមមឿង ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ចាប់ពី​ថ្ងៃទី​១០-១៦ ខែមេសា ឆ្នាំ​២០២២​។
-​ក្រុមហ៊ុន ហនុមាន​ប៊ែ​រ​វើ​រី​ជី​ស​ឯ​.​ក រៀបចំ​ព្រឹត្តិការណ៍​ការ ប្រគុំ​តន្ត្រី និង​លក់​ស្រា​បៀរ ភេសជ្ជៈ ចាប់ពី​ថ្ងៃទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២២ នៅ​ទីតាំង​ដីឡូត៍​របស់​ឧកញ៉ា គុយ ណាត ទល់មុខ​ឆ្នេរ​អូរ​ឈើទាល​២ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។
-​ក្រុមហ៊ុន​គ្លូ​ប៊​ល ភី​អិន​អិន ហូល​ឌី​ង សហការ​ជាមួយ​ក្រុមហ៊ុន​វឌ្ឍនៈ​ប្រូ​វើ​រី រៀបចំ​ព្រឹត្តិការណ៍​ការ ប្រគុំ​តន្ត្រី និង​បាញ់​កាំជ្រួច ចាប់ពី​ថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២២ នៅ​ទីធ្លា ទីលាន​តេ​ជោ ឆ្នេរ​សុខា ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ទន្ទឹមនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ​ស្នើឱ្យ លោក លោកស្រី​ជា​ម្ចាស់​សំណើ ត្រូវ​ចាត់ចែង​រៀបចំ​អនុវត្ត​ឱ្យ បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល គឺ​ត្រូវ​ពាក់​ម៉ាស់ ធ្វើការ​វាស់​កម្ដៅ លាងដៃ​សាប៊ូ ឬ​អាល់កុល ដែល​និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ វីរុស​កូ​វីដ​-១៩ ព្រមទាំង​ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និង​របៀបរៀបរយ​ទាំង​អំឡុងពេល និង​ក្រោយ​ប្រារព្ធ​ពិធី​។

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​បងប្អូន​អាជីវ​ករលក់​ចំណីអាហារ មុខទំនិញ​គ្រប់​ប្រភេទ សូមកុំ​លក់​ដំឡើងថ្លៃ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ​២០២២ នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close