ក្រសួងសាធារណការ ៖ ឡានឡើងស៊េរីខុសបច្ចេកទេស មិនអនុញ្ញាតឲ្យ​ចូលឆៀក ឬបំពាក់ផ្លាកលេខឲ្យ​ឡើយ

បើតាម​សេចក្តីជូនដំណឹង​ថ្មីមួយ​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រថយន្ត​ដែល​កែច្នៃ​ដំឡើងម៉ូដែលប៉ះពាល់​ដល់​ផ្នែកសុវត្ថិភាពរបស់យាន និង​គ្មានការអនុញ្ញាតពីក្រសួង នឹងមិនត្រូវ​អនុញ្ញាត​ឲ្យ​ចូលត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ឬចុះបញ្ជី​ផ្តល់បណ្ណសម្គាល់ និងបំពាក់​ផ្លាកលេខ​សម្គាល់យានជំនិះឡើយ។

ក្រសួងសាធារណការ និង​ដឹកជញ្ជូនបានលើកឡើងថា កន្លងមក​ក្រសួងសង្កេតឃើញមានរថយន្ត​គ្រួសារមួយ​ចំនួន​បានកែច្នៃដំឡើងម៉ូដែល​រថយន្ត​ដោយ​មិន​ត្រឹមត្រូវ​តាមលក្ខណៈបច្ចេកទេស និង​គ្មាន​ការអនុញ្ញាត​ពីក្រសួង ដែលបាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ផ្នែកសុវត្ថិភាពរបស់យាន និង​បានធ្វើ​ឲ្យ​ប្រែប្រួល​អត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយ​សកម្មភាពនេះ បានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យ​លេខ១៨០ អនក្រ.បក ស្តីពី​ការ​គ្រប់គ្រង​យានដ្ឋានជួសជុល និង​យានដ្ឋាន​កែច្នៃដំឡើងយានយន្ត។

ហេតុដូចនេះ ដើម្បីធានានូវសន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព និង​ការ​គ្រប់គ្រង​យានយន្ត​ធ្វើចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ក្រសួងសាធារណការ និង​ដឹកជញ្ជូន ជំរាបជូនដល់ម្ចាស់​រថយន្ត​ទាំងអស់ ដែលបានកែច្នៃដំឡើង​ម៉ូដែលប៉ះពាល់​ដល់​ផ្នែកសុវត្ថិភាពរបស់យាន ដូចជាប្រព័ន្ធចង្កូត ប្រព័ទ្ធទ្រ សាក់ស៊ី និង​គ្រោងតួ គ្មានការ​អនុញ្ញាត​ពីក្រសួងសាធារណការ គឺមិនអនុញ្ញាត​ឲ្យ​ចូលត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និង​បំពាក់​ផ្លាកលេខសម្គាល់យានជូនឡើយ។

ដោយ​ឡែក​យានដ្ឋានកែច្នៃ​ដំឡើងរថយន្ត ដែលធ្វើ​សកម្មភាពកែច្នៃដំឡើង​ម៉ូដែលរថយន្ត​ ដែលប៉ះពាល់​ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើ​សុំ​ការ​អនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការ និង​ដឹកជញ្ជូន នឹងចាត់វិធានការ​ចុះបិទផ្អាក​សកម្មភាពធ្វើអាជីវកម្ម​នៅ​ទីតាំងយានដ្ឋាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close