ក្រសួងទេសចរណ៍ អញ្ជើញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មកទស្សនាប្រទេសកម្ពុជា និងចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗនូវទេសចរណ៍ធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ «វិធានសុខាភិបាល ៣ក។ ៣ការពារ»។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែករដ្ឋ ឯកជន និងស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ ចូលរួមផ្សព្វផ្សាយ និងរៀបចំកញ្ចប់ទស្សនកិច្ចថ្មីៗ បង្កើនទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនា «កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយ-សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ» កាន់តែច្រើនឡើងវិញ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា នឹងប្រារព្ធពិធីបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេស។
ពិធីបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់ និងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញអំពីវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរបប នៃការរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។