ប្រធាន​ថ្មី​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ប្តេជ្ញា​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​ប្រសើរ​

លោក​ឧកញ៉ា សៅ សេង​ហាក់ ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​កីឡា​ហាប់​គី​ដូ អាណត្តិ​ថ្មី ២០២០-២០២៦​បាន​ឡើង​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​ខិតខំ​ពង្រឹង​ការអភិវឌ្ឍ​វិស័យ​កីឡា​ហាប់​គី​ដូ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។ នេះ​ជាការ​ប្តេជ្ញាចិត្ត​របស់លោក​ឧកញ៉ា នៅក្នុង​មហាសន្និបាត​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។​

​លោក​ឧកញ៉ា សៅ សេង​ហាក់ គូសបញ្ជាក់​ទៀតថា ក្នុងឋានៈ​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ថ្មី លោក​ឧកញ៉ា​ពិតជា​ក្តី​សោម​ន្ស​រីករាយ​ក្រៃលែង ដែល​សមាជិក​បានផ្តល់​សេចក្តីទុកចិត្ត​គាំទ្រ​លោក​ឲ្យ​ដឹកនាំ​បន្ត​ពី​ឯកឧត្តម ម៉ក់ សំ​អ​ល់ ប្រធាន​អាណត្តិ​ចាស់ ដែល​គណៈកម្មាធិការ​ប្រតិបត្តិ​ផ្តល់​កិត្តិយស​ជូន​ឯកឧត្តម​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​។​

​ប្រធាន​សហព័ន្ធ​ថ្មី​រូបនេះ​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត តាមរយៈ​ការខិតខំ​ការបណ្តុះបណ្តាល​គ្រូ​បង្គោល និង​ពង្រីក​ក្លិប​កីឡា​ហាប់​គី​ដូ​ឲ្យ​កាន់តែច្រើន​។ បន្ថែម​ពីលើ​នេះ លោក​ឧកញ៉ា​ក៏បាន​បង្ហាញ​នូវ​គម្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​ថ្នាក់ជាតិ និង​គ្រោង​បញ្ជូន​កីឡាករ កីឡាការិនី​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស​ផងដែរ​។​

​លោក គង់ ចាន់​ធី​ណា អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​បានបង្ហាញ​សមិទ្ធផល​សកម្មភាព​ការងារ​អាណត្តិ​ចាស់ ដែល​សម្រេច​ជា​បន្តបន្ទាប់​នាពេល​កន្លងមក ហើយ​អ្វី​ដែលជា​ទិស​ទៅ​បន្ទាប់ សហព័ន្ធ​បាន​លើក​ជា​ទិសដៅ​សម្រាប់​អាណត្តិ​ថ្មី​នេះ​លើ​ចំណុច​សំខាន់ៗ​រួមមាន​៖ ត្រូវ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ឲ្យ​បាន​ច្រើន​, ខិតខំ​ប្រឹងប្រែង​ពង្រីក​ក្លិប​នៅតាម​ខេត្ត​, ព្យាយាម​បើក​វគ្គប​ណ្តុះ​បណ្ត​ល​អាជ្ញាកណ្តាល និង​ចៅក្រម​ឲ្យ​បាន​១​ដង​ក្នុង​មួយឆ្នាំ​, សហព័ន្ធ​នឹង​ព្យាយាម​ទាក់ទង​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅក្រៅ​ប្រទេស​ដូច​សហព័ន្ធ​កីឡា​ផ្សេងៗ​, រៀបចំ​អញ្ជើញ​គ្រូ​ហាប់​គី​ដូ​បរទេស មក​បង្ហាញ​បច្ចេកទេស​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា​, រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជើងឯក​ថ្នាក់ជាតិ​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់ឆ្នាំ តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅ និង​ខិតខំ​រក​ទីតាំង​សហព័ន្ធ​ឲ្យ​បាន​។​

​លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ដែល​បាន​ខិតខំ​អភិវឌ្ឍ​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយ​នេះ​នៅ​កម្ពុជា​ឲ្យ​មាន​សកម្ម​ភាពជា​បន្តបន្ទាប់ ជាពិសេស​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ក្នុង​គោលដៅ​ដើរ​ឆ្ពោះទៅមុខ​ប្រកបដោយ​ជំនឿ​ចិត្ត និង​ការលះបង់​ខ្ពស់​។​

​គួរ​បញ្ជាក់ថា មហាសន្និបាត​អាណត្តិ​ថ្មី​ទី​៧ ២០២០-២០២៤​នេះ​បានអនុម័ត​របាយការណ៍​សកម្មភាព ហិ​រញ្ញា​វត្ថុ និង​ផ្តល់​សេចក្តីទុកចិត្ត​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​២១​រូប ក្នុងនោះ លោក​ឧកញ៉ា សៅ សេង​ហាក់ ជា​ប្រធាន អមដោយ​អនុប្រធាន​៦​រូប និង​លោក​វរៈសេនីយ៍ទោ គង់ ចាន់​ធី​ណា ជា​អគ្គលេខាធិការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close