ថ្ងៃនេះ កម្ពុជាប្រារព្ធខួបទី៦៥ ថ្ងៃបុណ្យឯករាជ្យជាតិ
៩វិច្ឆិកា១៩៥៣ ៩វិច្ឆិកា២០១៨ គឺជាខួប៦៥ឆ្នាំ នៃការទាមទារឯករាជ្យ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ពីប្រទេសបារាំងមកវិញ ក្រោយពីប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបារាំង់អស់ជិតមួយសតវត្សរ៍ ពោគឺចាប់តាំងពីឆ្នាំ១៨៦៣ មក។
មុននឹងឈានដល់ការទាមទារឯករាជ្យពេញបរិបូរណ៍ពីប្រទេសបារាំងត្រឡប់មកវិញ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះអង្គបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ ដោយក្នុងនោះ ដំបូងឡើយនៅឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញា អាណាព្យាបាល ដែលបានចុះហត្ថលេខា នៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
នៅឆ្នាំ១៩៤៩ ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាអាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ ១៩៤៩ លុបចោលនូវ សន្ធិសញ្ញា អាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ១៩៥២ សម្ដេចព្រះបាទ នរោត្តម សីហនុ ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៏ ជូនជាតិមាតុភូមិ ឲ្យបានដាច់ខាត ក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការី ជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំង ក្នុងខែកុម្ភៈ ឆ្នាំ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើសារលិខិត ជូនលោក វ៉ាំងសង់ អូរីយ៉ូល ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ចំនួន៣លើក ៖
ដោយលើកទី១ ថ្ងៃទី៥ មីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល
លើកទី២ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៥៣ ពីទីក្រុងណាពូល
លើកទី៣ នៅថ្ងៃទី៣ មេសា ឆ្នាំ១៩៥៣ ពី ទីក្រុងផុងតែណឺប្លូ
ដោយរដ្ឋាភិបាលបារាំង ពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យ យាងទៅធ្វើយុទ្ធនាការ ទាមទារឯករាជ្យ នៅក្នុងប្រទេស កាណាដា និងសហរដ្ឋអាមេរិក។
នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ សម្ដេចព្រះនរោត្តម សីហនុ បានថ្លែងទៅអ្នកសារព័ត៌មាន ដោយសង្កត់ធ្ងន់ លើបញ្ហាពីរ ទាក់ទងនឹងកម្ពុជា និងបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន ៖ ទី១ គឺបញ្ហាប្រយុទ្ធប្រឆាំង នឹងពួកកុម្មុយនីស្ត និងចំណុចទី២ គឺបញ្ហាឯករាជ្យ បរិបូរណ៍ សម្រាប់កម្ពុជា។
យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ពុំត្រូវការរបបកុម្មុយនីសទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗ សុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះ គឺឯករាជ្យបរិបូរណ៍ សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនីស គេមើលឃើញថា ប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរ សម្រាប់ពួកគេ។
ដោយឡែក នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានសារព័ត៌មានដ៏ធំមួយ ឈ្មោះ New York Times ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី១៩ មេសា ឆ្នាំ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល។
ដោយខ្លឹមសារនោះមានជាអាទិ៍ថា “... បើបារាំង មិនយល់ព្រម ប្រគល់ឯករាជ្យ ឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរ នឹងក្រោកឈរឡើង ប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុំមុយនីស”។
សម្ដេចព្រះបរមរតនកោដ្ឋ បានលើកឡើងថា ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា ”ពួកបារាំងទាំងអស់ ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេ នឹងមកដល់ ...”។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំង ព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថ ដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ កម្ពុជាក៏បានទទួលឯករាជ្យទាំងស្រុង ពីសាធារណរដ្ឋបារាំង។ ហើយនៅពេលនោះប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា ”ព្រះមហាវីរបុរសជាតិ -ព្រះបិតាឯករាជ្យជាតិ”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។