ពលរដ្ឋរិះគន់មេប៉ុស្តិ៍ច្រកទ្វារព្រំដែនត្រពាំងផ្លុង កំពុងសប្បាយចិត្តប្រមូលលុយដាក់ហោប៉ៅ
ត្បូងឃ្មុំ ៖ ប្រភពពីអាជីវករ ដឹកទំនិញពីវៀតណាមចូលមកកម្ពុជាបាឲ្យដឹងថា មានរថយន្តធំៗ ជាច្រើនគ្រឿងកំពុង សម្រុកដឹកទំនិញទាំងយប់ទាំងថ្ងៃ ដែលជាប្រភពចំណូល របស់មេប៉ុស្តិ៍ ច្រកទា្វរព្រំដែនអន្តរជាតិត្រពាំងផ្លុង និងមន្ត្រីក្រោមឱវាទដែលអង្គុយចាំរាប់ក្បាលឡាន យកលុយដាក់ក្នុងហោប៉ៅយ៉ាងសប្បាយចិត្ត។
ក្រុមអាជីវករ បានត្អូញត្អែរថា ពួកគាត់រកស៊ីសព្វថ្ងៃបានត្រឹមចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធ នៅព្រំដែនច្រកទ្វារត្រពាំងផ្លុង តម្រូវអោយបង់លុយ ក្នុងមួយរថយន្តសាន់យ៉ុង ចាប់ពី៨ ម៉ឺនរៀល ទៅ១០ម៉ឺន រៀល រីឯរ៉ឺម៉កដឹកបន្លែ ផ្លែឈើ បង់ចាប់ពី៥ម៉ឺនរៀល ទៅ៨ម៉ឺនរៀល តាមដឹកតិចឬច្រើន បើមិនបង់តាម ការកំណត់ទេនោះរថយន្ត រ៉ឺម៉កត្រូវចាប់ទុក រងចាំដោះស្រាយពេលក្រោយ។
ប្រភពស្និទ្ធនឹង លោកមេបុស្តិ៍ ច្រកទ្វារព្រំដែនត្រពាំងផ្លុង បានទម្លាយថា ការដែលគេអាចធ្វើអ្វីៗតាមអំពើចិត្តបាន គឺ ដោយសារតែមានខ្នងបង្អែករឹងមាំ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចាំជួយបិទបាំងរឿងអាស្រូវពុករលួយ ដើម្បីរក្សាតំណែងរបស់ខ្លួន។
អាជីវករដឹកទំនិញ ទាំងតូចទាំងធំ បានសណូមពរដល់ លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការក្តៅនឹងត្រួតពិនិត្យ ទៅលើមេប៉ុស្តិ៍ច្រកទា្វរព្រំដែនត្រពាំងផ្លុង កំពុងសប្បាយចិត្តប្រមូលលុយបែបអំពើពុករលួយ ធ្វើអោយបាត់បង់ ថវិការដ្ឋ ។
ជុំវិញករណីនេះយើងមិនអាចសុំការបំភ្លឺពីលោកមេប៉ុស្តិ៍ច្រកទា្វរព្រំដែនត្រពាំងផ្លុងបានទេដោយសារតែពុំមានលេខទូរស័ព្ទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។