ក្រសួងសុខាភិបាលកំពុងពិនិត្យស្ថានភាពជំងឺកូវីដ១៩ ក្រោយ​ពិធីបុណ្យចូលឆ្នាំរួច

មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០២២ថា ពេលនេះក្រសួងនៅមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លង​រាលដាលជំងឺកូវីដ១៩​បាននៅ​ឡើយទេ ក្រោយបញ្ចប់ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែររួច ប៉ុន្តែ​ក្រសួងកំពុងបន្ត​ពិនិត្យមើល ក្រែង​មានស្ថានភាព​ នៃការផ្ទុះ ការឈឺណាមួយ នៅតំបន់ណាមួយ រហូត​ដល់​ដំណាច់ខែមេសានេះ។

យ៉ាងណាក៏ដោយ ជា​ការទទួលខុសត្រូវរ​បស់​បុគ្គល និង​សហគមន៍ នាពេលនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ​​​​​​​​​ប្រសិនបើមានការ​សង្ស័យ សូម​ធ្វើតេស្ត​រហ័ស ឫ​ទៅពិនិត្យ​សុខភាព​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​ផ្ទះ​។ ហើយ​បើ​លទ្ធផល​បង្ហាញ វិជ្ជមាន​កូ​វីដ​-១៩ និង​បើ​ក្នុង​លក្ខណ​:​ស្រាល សូម​នៅ​ដោយឡែក ការពារ​កុំឱ្យ​ឆ្លងទៅ​ក្រុមគ្រួសារ និង​អ្នកដទៃ ហើយ​ថែទាំ​ព្យាបាល​ខ្លួន​នៅផ្ទះ​ឱ្យបាន​ល្អ​ហ្មត់ចត់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​នាពេល​កន្លងមក ។

តែបើ​មាន​រោគសញ្ញា​សង្ស័យថា វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ សូម​ប្រញាប់​ទៅ​ស្វែងរក​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ កុំ​ស​ង្ងំ​នៅផ្ទះ ដែល​អាច​ស្លាប់បាត់​បង់ជីវិត​បាន​។ សូម​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឫ​ក្រុមគ្រូពេទ្យ​ដែល​នៅ​តំបន់​លោកអ្នក​រស់នៅ ដើម្បី​ជួយ​អន្តរាគមន៍ បាន​ទាន់ពេលវេលា​។

សូម​បញ្ជាក់ដែរថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃដែលទើបបញ្ចប់ទៅថ្មីៗនេះ ឃើញថា កំណើនភ្ញៀវទេសចរចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសមានសរុបរហូតទៅដល់ជាង៥លាននាក់ ដែលគឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកចូលឆ្នាំខ្មែរឆ្នាំនេះ គឺជាការតេស្តនៃបើកប្រទេសឡើងវិញដោយពេញលេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close