មូស ត្រូវបាន​ចាត់​ចូលក្នុង​អំបូរ​គូលី​ស៊ី​ដេ ត្រូវបាន​កត់ត្រា​ថា មាន​ជាង ៣៦០០​ប្រភេទ នៅលើ​សកលលោក​

​កំណត់ត្រា​មូស​នៅ​កម្ពុជា​ ​មូស​ជា​សត្វល្អិត​មាន​ស្លាប មាន​មាត់​ជា​ទ្រនិច​ស្រួច​សម្រាប់​ខាំ​ជញ្ជក់ (​វចនានុក្រម​ខ្មែរ ១៩៦៧)​។ ជាទូទៅ មូស​ញី​រស់នៅ​ដោយ​បឺត ជញ្ជក់​ឈាម​មនុស្ស និង​សត្វ​ដើម្បី​ចិញ្ចឹមជីវិត និង​បង្ក​កំណើត ចំណែក​មូស​ឈ្មោល​បឺត​ជញ្ជក់​ទឹកដម​ផ្កា​ជា​អាហារ​។ ​មូស​ត្រូវបាន​ចាត់​ចូលក្នុង​អំបូរ​គូលី​ស៊ី​ដេ (Culicidae) ហើយ​បច្ចុប្បន​ត្រូវបាន​កត់ត្រា​ថា មាន​សរុប​ប្រមាណ​ជាជាង ៣៦០០​ប្រភេទ នៅលើ សកលលោក​។​

​ប្រទេស​កម្ពុជា ត្រឹម​ឆ្នាំ​២០២០ មានការ​កត់ត្រា​មូស​បាន​ចំនួន​២៩០​ប្រភេទ ស្មើនឹង​២០​ពួក ដោយ​ក្នុងនោះ ៤៩​ប្រភេទ​ជា​កំណត់ត្រា​ថ្មី ហើយ​មូស ៤៣​ប្រភេទ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក​ជំងឺ (Maquart et al., 2020)​។​

​តាម​ការវាយតម្លៃ​ជំងឺ​បង្កឡើង​ដោយ​សត្វល្អិត​មាន​ច្រើនជាង​១៧% នៃ​ជំងឺឆ្លង​សរុប និង​បណ្ដាលឱ្យ មនុស្ស​ស្លាប់​ជាង​មួយ​លាន​នាក់​ក្នុង​មួយឆ្នាំៗ ហើយ​បាន​សាយភាយ​ទៅគ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក​តាមរយៈ​ទង្វើ​របស់​មនុស្ស​ដូចជា​ការដឹកជញ្ជូន​ស​កម្ម​ភាពរ​ទេសចរណ៍ ។​ល​។ ​ក្នុងចំណោម​ប្រភេទ​សត្វល្អិត​បង្ក​ជំងឺ សត្វ​មូស​ចំនួន​បី​ពួក​ត្រូវ​បានកំណត់​ជា​ភ្នាក់ងារ​ចម្លងជំងឺ​សកម្ម​ជាង គេ​ដូចជា មូស​ក្នុង​ពួក​អេ​ដេ​ស (Aedes) ជា​ភ្នាក់ងារ​ប​ង្កេ​រ​ជំងឺគ្រុនឈាម (Dengue) គ្រុន​ឈី​ក (Chikungunya) ហ្ស៊ី​កា (Zika) ពួក​អា​ណូ​ផេ​លេស (Anopheles) ជា​ភ្នាក់ងារ​បង្ករ​ជំងឺគ្រុនចាញ់ (Malaria) និង​ពួក​គូ​លិច Culex ជា​ភ្នាក់ងារ​បង្ករ​ជំងឺ​គ្រុន​លឿង (Yellow fever) និង​ជំងឺ​រលាក​ខួរក្បាល​ជប៉ុន​(Japanese Encephalitis) ហើយ​មូស​ទាំងបី​ពូក​នេះ​សុទ្ធតែជា​ភ្នាក់ងារ​បង្ករ​ជំងឺ​ជើងដំរី (Elephantiasis)​។

​ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា​ជំងឺគ្រុនឈាម​ដែលមាន​មូស​ខ្លា (Aedes aegypti) ជា​ភ្នាក់ងារ​ចម្លង ត្រូវបាន​ចាត់ទុកថា​ជា​ជំងឺ​គួរឱ្យកត់សម្គាល់ បំផុត​បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៩៥ ដោយ​ធ្វើឱ្យមាន​អ្នកជំងឺ​ស្លាប់​ជាង​៤០០​នាក់​។ ​ចំណែក​ជំងឺគ្រុនចាញ់​ដែលមាន​ភ្នាក់ងារ​ចម្លង​ជា​មូស​ដែកគោល (​ចំនួន​៤​ប្រភេទ​គឺ​៖ Anopheles minimus, A. dirus, A. maculatus, A. aconitus) មាន​អត្រា​ចម្លង​ថយចុះ​ក្នុងអំឡុង​ពីរ ទសវត្សរ៍​ចុងក្រោយ ប៉ុន្តែ​វា​បាន​កើន​ឡើងវិញ​ម្ដងទៀត​នៅ​ឆ្នាំ​២០១៧​។​

​នៅ​ទីក្រុង​ភ្នំពេញ ការសិក្សា​អំពី​សត្វ​មូស​រយៈពេល​ពេញ​មួយឆ្នាំ​ក្នុង​ឆ្នាំ​២០២០ ដោយ​និស្សិត​ផ្នែក​អភិរក្ស​ជីវៈចម្រុះ​នៃ​សាក​វិទ្យាល័យ​ភូមិ​ន្ធ​ភ្នំពេញ​សហការ​ជាមួយ​វិទ្យា​សា្ថ​ន​ប៉ាស្ទ័រ​បាន​រកឃើញ​មូស​ចំនួន​១០​ប្រភេទ ក្នុងនោះ​មូស​ក្នុង​ពួក​អេ​ដេ​ស ចាប់បាន​សំណាក​ច្រើនជាងគេ​ពោលគឺ​ប្រមាណ ៨៧% នៃ​ចំនួន​សំណាក​មូស​សរុប​ហើយ​ប្រភេទ​មូស​ចាប់បាន​សំណាក​តិច​បំផុត​គឺ Toxorhynchites splendens (Khin in prep)​។

សូ​បញ្ជាក់​ផងដែរ​ថា​ប្រភេទ​មូស Toxorhynchites splendens ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​សូចនាករ​ក្នុងការ​គ្រប់គ្រង​ប្រភេទ​មូស​ផ្សេងៗ​ព្រោះថា​ដង្កូវទឹក​របស់​មូស ប្រភេទ នេះ​ស៊ី​ដង្កូវទឹក​របស់​ប្រភេទ​មូស​ផ្សេងៗ​ទៀត ហើយ​មូស​ប្រភេទ​នេះ​ក៏​មិនមាន​បង្ក​ជំងឺ​ដែរ (Nyamah, 2011)៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close