ក្រសួងអប់រំ ទទួលសៀវភៅភាសាអង់គ្លេស ១៧ ៥០០ក្បាល ពីក្រុមហ៊ុន ម៉ូនូមែនប៊ុក
ភ្នំពេញ៖ នាល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ម៉ូនូមែនប៊ុក បានឧបត្តម្ភសៀវភៅភាសាអង់គ្លេសចំនួន ១៧ ៥០០ក្បាល សម្រាប់សិស្សានុសិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សា ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា។
ពិធីទទួលនេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងអប់រំ អគ្គនាយកក្រុមហ៊ុន ម៉ូនូមែនប៊ុក និងក្រុមការងារក្រុមហ៊ុន ម៉ូនូមែនប៊ុកផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ម៉ូនូមែនប៊ុក ដែលបានឧបត្តម្ភសៀវភៅភាសាអង់គ្លេសទាំងនេះ និងចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយដល់សាលាដែលខ្វះខាត និងមានតម្រូវការសៀវភៅភាសាអង់គ្លេស។
សៀវភៅភាសាអង់គ្លេសទាំងនេះ នឹងចែកជូននៅតាមសាលារៀន នៅក្នុងស្រុកកងមាស សាលារៀនជំនាន់ថ្មី ក្នុងវិទ្យាល័យស៊ីសុវត្តិ និងសាលារៀនមួយចំនួន តាមរាជធានី-ខេត្ត ដើម្បីចែកឱ្យសិស្សានុសិស្ស សិក្សារៀនសូត្រ និងបំប៉នភាសាបរទេសរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។