ដែនជម្រកសត្វព្រៃលំផាត់ បញ្ចប់ការស្តារត្រពាំងចំនួន១០ទីតាំង
ត្រពាំងគឺជាទីជម្រកដែលផ្តល់ចំណី និងទឹកសំរាប់សត្វជាច្រើនប្រភេទនៅក្នុងព្រៃរបោះ។ សត្វស្លាបទឹកជាច្រើនប្រភេទដូចជា ត្រយងយក្ស ត្រយងចង្កំកស ត្រដក ក្រៀល និងសត្វជាច្រើនទៀតពឹងផ្អែកលើត្រពាំងដើម្បីរកចំណី និងប្រភពទឹក ជាពិសេសក្នុងរដូវប្រាំង។
បច្ចុប្បន្ន មានត្រពាំងជាច្រើនត្រូវបានគ្រប់ដណ្តប់ដោយស្មៅក្រាស់ និងមួយចំនួនទៀតគោរាក់មិនអាចរក្សាទឹកបានយូរសម្រាប់សត្វប្រើប្រាស់រហូតដល់រដូវភ្លៀងត្រលប់សារជាថ្មី។
ក្នុងឆ្នាំ២០២២នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) បានជីកស្តារត្រពាំងធម្មជាតិចំនួន១០ត្រពាំងក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្នុងគោលបំណងសម្រាប់ការប្រើប្រាស់របស់សត្វនៅក្នុងរដូវប្រាំង។
ការជីកស្តារត្រូវបានធ្វើឡើងដោយកំលាំងប្រជាពលរដ្ឋមូលដ្ឋាន យើងជ្រើសរើសប្រជាពលរដ្ឋមូលដ្ឋានជាជាងការប្រើគ្រឿងចក្រគឺដើម្បីផ្តល់ប្រាក់ចំណូលបន្ថែមជូនពួកគាត់ និងផ្សារភ្ជាប់ការងារអភិរក្សសត្វព្រៃជាមួយសហគមន៍។
បន្ទាប់ពីការជីកស្តារ ត្រពាំងទាំងអស់នេះនឹងត្រូវបានតាមដានកត់ត្រាពីកំរិតទឹក ស្ថានភាពរុក្ខជាតិ និងការប្រើប្រាស់របស់សត្វព្រៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។