ការដាក់ទណ្ឌកម្មរបស់លោកខាងលិច មិនប៉ះពាល់ដល់រុស្ស៊ីនោះឡើយ
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កាលពីថ្ងៃទី១៨ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចមកលើទីក្រុងមូស្គូដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានបរាជ័យហើយ។
លោកពូទីនបានបញ្ជាក់ទៀតថា« ការគិតរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឲ្យច្របូកច្របល់សេដ្ឋកិច្ច បង្កឲ្យមានភាពចលាចលនៅលើទីផ្សារពិភពលោក ធ្វើឲ្យប្រព័ន្ធធនាគារដួលរលំនិងកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ដល់បណ្តាហាងលក់ទំនិញនានា»។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា យុទ្ធសាស្ត្រដាក់ទណ្ឌកម្ម របស់លោកខាងលិចបាន«បរាជ័យ» មិនមានប្រសិទ្ធភាព ផ្ទុយទៅវិញបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសលោកខាងលិចកាន់តែអាក្រក់ថែទៀត។
បណ្តាប្រទេសលោកខាងលិច បានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូចាប់ផ្តើមវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
ប្រធានាធិបតីពូទីនបញ្ជាក់ថា«រុស្ស៊ីបានឈរយ៉ាងរឹងមាំចំពោះសម្ពាធរបស់ប្រទេសលោកខាងលិច ។ ប្រាក់រុស្ស៊ីក៏ត្រូវបានពង្រឹងឡើងវិញ ហើយវិស័យពាណិជ្ជកម្មរបស់រុស្ស៊ីបានកើនឡើងគិតជាទឹកប្រាក់ដល់ទៅ ៥៨ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយឆ្នាំ២០២២ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ទៀតថា គឺការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច បានធ្វើឲ្យគុណភាពរស់នៅរបស់ពលរដ្ឋ នៅទឹកដីអាមេរិក ក៏ដូចជាអឺរ៉ុប ត្រូវបាត់បង់ ។ ជាមួយគ្នានេះដែរ លោកពូទីនក៏បានជំរុញការប្រើប្រាស់រូបិយវត្ថុអន្តរជាតិ តាមរូបភាពថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។