ក្រុមហ៊ុនផលិតរថយន្ត តូយូតានៅអាហ្វ្រិកខាងត្បូង រងការខូចខាតយ៉ាងខ្លាំងដោយទឹកជំនន់
រោងចក្រផលិតរថយន្ត តូយូតា របស់ជប៉ុននៅក្នុងទឹកដីអាហ្វ្រិកខាងត្បូង ត្រូវបានបិទទ្វារក្រោយភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ ជនលិចរថយន្តជាច្រើន បង្កការខូចខាតយ៉ាងដំណាំ។
ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្ត KwaZulu-Natal អាហ្វ្រិកខាងត្បូងបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់សិបលានដុល្លារ។ រោងចក្រផលិតរថយន្ត Prospecton របស់ តូយូតា រងផលប៉ះពាលខ្លាំង បង្ខំឲ្យក្រុមហ៊ុនត្រូវបិទទ្វារផ្អាកការផលិត ។
ប្រភពព័ត៌មាន ក្នុងតំបន់បានឲ្យដឹងថា រោងចក្រ Prospecton ផលិតរថយន្តប្រភេទ Hilux និង Corolla Cross ដែលមានបុគ្គលិកធ្វើការប្រមាណជាង ៧ពាន់នាក់ ត្រូវផ្អាក។ រូបភាពថតនៅទីតាំងរោងចក្របានបង្ហាញឲ្យឃើញថារថយន្តរាប់រយគ្រឿង ត្រូវទឹកភ្លៀងជនលិច ។ រថយន្តជាច្រើនត្រូវលិចទាំងស្រុងក្នុងទឹក ធ្វើឲ្យខូចខាតយ៉ាងខ្លាំង។
ពាក់ព័ន្ធគ្រោះទឹកជំនន់នៅអាហ្វ្រិកខាងត្បូង មកទល់ថ្ងៃទី ១៨ខែមេសា មានមនុស្ស ៤៤៣នាក់ស្លាប់ដោយគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។ អភិបាលខេត្ត KwaZulu-Natal លោក Sihle Zikalalaបានបញ្ជាក់ថា គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តនេះបណ្តាលឲ្យមានអ្នកស្លាប់៤៤៣នាក់ និងបាត់ខ្លួនជាង ៦០នាក់។
ក្រៅពីនេះក៏មានពលរដ្ឋរាប់សិបពាន់នាក់បាត់បង់ផ្ទះសម្បែង ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនី ក៏ត្រូវបានកាត់ផ្តាច់ ។ តាមការលើកឡើងរបស់លោក Sihle Zikalala ការខាតបង់ហេដ្ឋារចនាសម្ព័ន្ធគិតជាទឹកប្រាក់ ប្រមាណ ជិត ១ពាន់លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។