សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដែលជា​កម្មវិធី​ទេសចរណ៍​មួយ​ជួយ​ដល់​សហគមន៍ ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធានធម្មជាតិ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដែលជា​កម្មវិធី​ទេសចរណ៍​មួយ​ជួយ​ដល់​សហគមន៍ ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធានធម្មជាតិ​។​



ការអំពាវនាវ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេច​សង្កេតឃើញ​ថា នៅ​ឆ្នាំនេះ​មានការ​លេចឡើង​នូវ​តំបន់​ទេសចរណ៍​ថ្មីៗ​ជាច្រើន ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ការលើកកម្ពស់​បរិស្ថាន ដែល​បាន​ចូលរួមចំណែក ក្នុងការ​ទាក់ទាញ​ប្រជាជន​ឱ្យធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ កន្លងទៅនេះ​។​

​ថ្លែង​ក្នុង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ដូច្នេះ​ថា​៖ «​អ្វី​សំខាន់​ដែល​យើង​សង្កេតឃើញ គឺ​ការបង្កើត​នូវ​សហគមន៍​ទេសចរណ៍​នានា ដែល​មានការ​គួបផ្សំរ​វាង​ផ្នែក​បរិស្ថាន និង​ក្រសួងទេសចរណ៍​។ ឥឡូវ​គេ​ប្រើប្រាស់ ទេសចរណ៍​ផ្សាភ្ជាប់​ទឹកដី​។ ចំណុច​នេះ​គួរ​ត្រូវបាន​ពង្រឹង ពង្រីក​វា​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ធ្វើ​ម៉េច​ឱ្យ​ពលរដ្ឋ​របស់​យើង​ធ្វើ​ទេសចរណ៍ ប៉ុន្តែ​ផ្សាភ្ជាប់​ជាមួយ​ទឹកដី ស្រលាញ់​បរិស្ថាន ហើយ​ប្រើប្រាស់​បរិស្ថាន​នេះ ដើម្បី​ទាញយក​លុយ​ជាជាង​កាប់​ឈើ បាញ់​សត្វ ដែល​វា​ធ្វើឱ្យ​ហិនហោច​ទៅដល់​បរិស្ថាន​»​។​

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សង្កេតឃើញថា នៅតាម​មូលដ្ឋាន​ភូមិ​ឃុំ​ពេលនេះ បាន​កែច្នៃ​តំបន់​ទេសចរណ៍​របស់​ខ្លួន​បាន​យ៉ាង​ល្អជា​ពិសេស​ខេត្តបាត់ដំបង ដែលជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍​បាន​ច្រើនជាងគេ នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំ​នេះ​។ សម្តេច​ក៏​សង្កេតឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​មេភូមិ​មេឃុំ នៅតាម​មូលដ្ឋាន ចំពោះ​ភ្ញៀវទេសចរ ដែល​បាន​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​ភ្ញៀវទេសចរ​ផងដែរ​។​

​សម្តេច​បាន​គូសបញ្ជាក់ថា តំបន់​ទេសចរណ៍​ទាំងឡាយ​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ប្រជាជន​។ សម្តេច​ក៏បាន​កោតសរសើ​រ​ដល់​ពលរដ្ឋ​ខ្មែរ​នាពេល​បច្ចុប្បន្ន ដែល​គាត់​ស្រលាញ់​បរិស្ថាន និង​ទេសចរ​នៅ​តំបន់​ទាំងនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close