មនុស្ស ២០​លាន​នាក់ អាច​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស នៅ​អាហ្វ្រិក​ខាងកើត នៅ​ចុង​ឆ្នាំនេះ​!

​អ្នកនាំពាក្យ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​. ) កាលពី​ថ្ងៃ​ម្សិលមិញ​បាន​និយាយថា គ្រោះរាំងស្ងួត បូករួម​ទាំង ជម្លោះ នៅ​អ៊ុយ​ក្រែ​ន អាច​នឹងធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ​ជា ២០​លាន នាក់ ដែល​រស់នៅ​អាហ្វ្រិក​ខាងកើត (Horn of Africa) ធ្លាក់ចូល​ទៅក្នុង​គ្រោះ​ទុរ្ភិក្ស ឬ​ភាពអត់ឃ្លាន នា​ចុងឆ្នាំ​២០២២​នេះ​។​

​អ្នកនាំពាក្យ​ប្រមុខ​អ​.​ស​.​ប​. លោក Stephane Dujarric ក្នុង​កម្មវិធី “​ស្បៀងអាហារ​ពិភពលោក (WFP) ព្រមាន​ថា ពេលវេលា គឺ​កាន់តែ​ខើច សម្រាប់​ក្រុមគ្រួសារ​ដែល​តស៊ូ ដើម្បី​រស់​” កាលពីពេល​ថ្មីៗ​នេះ បាន​មានប្រសាសន៍ថា ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ខាងកើត​នឹង ប្រឈមមុខ នឹង​គ្រោះ​ទុរ្ភិក្ស​កាន់តែខ្លាំង ប្រសិនបើ​នៅតែ​មិន មាន​ភ្លៀង​ធ្លាក់​, តម្លៃ​ស្បៀងអាហារ និង​ឥន្ធនៈ​ចេះតែ​បន្ត កើនឡើង​ដោយសារតែ ជម្លោះ​អូសបន្លាយ ហើយ​ការ​ផ្តល់ជំនួយ មនុស្សធម៌ នៅមានកម្រិត​ទាប​ទៀត​នោះ​។​

​គួរ​បញ្ជាក់ថា ការអំពាវនាវ​ចុងក្រោយបង្អស់ របស់ WFP គឺ​ស្នើ​ឲ្យ មាន ការប្រមូល​ជំនួយ ឬ​មូលនិធិ​ឲ្យ​បាន​យ៉ាងតិច​៤​ភាគរយ នៃ​តម្រូវ ការចាំបាច់​នៃ​តំបន់​អាហ្វ្រិក​ខាងកើត ដែល​ត្រូវ​ការចំណាយ បន្ទាន់ ខ្ទង់ ៤៣៧​លាន​ដុល្លារ​អាមេរិក ដើម្បី​សង្គ្រោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close