ក្រសួង​ចំនួន គាំទ្រ​ការរៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ វប្បធម៌​ប្រវត្តិសាស្ត្រ នគរ​ភ្នំ​-​ឈើកាច់​បាភ្នំ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ការសិក្សា កំណត់ និង​រៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ នគរ​ភ្នំ​-​ឈើកាច់​បាភ្នំ ស្ថិតនៅក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ​និង​ថាមពល ក្រសួងទេសចរណ៍ និង​តំណាង​រដ្ឋបាល​ខេត្តព្រៃវែង​។

​មតិរួម​របស់​អន្តរក្រសួង​បាន​គាំទ្រ​ចំពោះ​ការសិក្សា កំណត់ និង​រៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ នគរ​ភ្នំ​-​ឈើកាច់​បាភ្នំ ដែលជា​ទីតាំង​ដ៏​សំខាន់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ នគរ​គោកធ្លក ឬ នគរ​ភ្នំ ដើមកំណើត​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​អង្គប្រជុំ​បាន​ឯកភាព​ជូន​ក្រុមការងារ​អន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យ សិក្សា​ចុងក្រោយ​លើ​ទីតាំង​ជាក់ស្ដែង និង​កំណត់​តំបន់​គ្រប់គ្រង ព្រមទាំង​ដោះស្រាយ​ផលប៉ះពាល់​នានា មុននឹង​ក្រសួងបរិស្ថាន និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ស្នើសុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល លើ​ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ នគរ​ភ្នំ​-​ឈើកាច់​បាភ្នំ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close