ឃាត់គ្រឿងចក្រ៥គ្រឿង ករណីលួចលុបបឹង នៃតំបន់ដែននេសាទ​ នៅកំពង់ឆ្នាំង

កម្លាំង​សមត្ថកិច្ច​ចម្រុះខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គេបាន​ចុះ​ឃាត់ទុក នូវ​គ្រឿងចក្រ​ធុន​ធំ ចំនួន ៥ គ្រឿង ក្នុងនោះ​មាន ប៊ុល​ដូ​ហ្សែ ចំនួន​១​គ្រឿង និង​រថយន្ត​បែន​ដឹក​ដី ចំនួន ៤ គ្រឿង ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន និង​ចាក់ដី និង​រុញ​ពង្រាបដី លុប​បឹង នៃ​តំបន់​ដែន​នេសាទ នៅ​ចំណុច​បឹង​ជាលា ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។

​ការចុះ​ឃាត់​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី ខាងលើនេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ នេះ ដោយមាន​ការបញ្ជា​ផ្ទាល់ ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ដោយ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង និង​ចូលរួម​សហការ ដោយ​កម្លាំង​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង និង​កម្លាំង​សមត្ថកិច្ច រដ្ឋបាល​ជលផល​។

​លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល ផ្សារឆ្នាំង បាន​ឲ្យ​ដឹងថា ការឃាត់​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី ខាងលើនេះ ដោយសារតែ​ក្រុម​រថយន្ត​ដឹក​ដី និង​គ្រឿងចក្រ​នោះ ដឹក​ដី​ចាក់​លុប​បឹង ដែលជា​ដែន​នេសាទ ដើម្បី​សួ​រក​លិខិតស្នាម តែ​អ្នកបើកបរ​គ្រឿងចក្រ ថា​មាន​លិខិតស្នាម តែ​នៅ​ម្ចាស់ ជា​អ្នក​រត់ការ តែ​មិនដឹង​នៅឯណា ។

​បច្ចុប្បន្ន គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី​ទាំងនោះ ត្រូវបាន​នាំយកមក​រក្សាទុក នៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង និង​រៀបចំ​កសាង​សំណុំរឿង ចាត់ការ​បន្ត តាម​នីតិវិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close