សង្គ្រាម​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​ច្រើន​បំផុត​មិន​ធ្លាប់មាន សម្រាប់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​

​នៅ​ថ្ងៃទី ២០​ខែមេសា ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR)​បានប្រកាសថា មាន​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង ៥​លាន​នាក់​ហើយ​បាន​ភៀសខ្លួន​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយសារតែ​សង្គ្រាម​វាយប្រហារ​ពី​រុស្ស៊ី ។ នេះ​ជា​វិបត្តិ​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​សម្រាប់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ ។​

​ពាក់ព័ន្ធ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នេះដែរ សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​ម្នាក់​របស់លោក​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​និយាយថា​កងទ័ព​រុ​ស្ស៉ី​នឹង​វាយយក​ទីក្រុង​ម៉ា​រី​យូ​ប៉ូល នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បានស្នើ​សុំ​ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​អាច​ជម្លៀស​កងទ័ព និង​ពលរដ្ឋ​ស៊ីវិល​ចេញពី​រោងចក្រ ដែកថែប​មួយ ដែល​កំពុង​ស្ថិតនៅក្រោម​ការឡោមព័ទ្ធ​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ មេដឹកនាំ​សាធារណរដ្ឋ​ឆេ​ឆេ​នី​របស់​រុ​ស្ស៉ី លោក Ramzan Kadyrov បានបញ្ជាក់​ដូច្នេះ​ថា «​នៅមុន​ពេល​អាហារ​ថ្ងៃត្រង់ ឬ​ក្រោយ​អាហារ​ថ្ងៃត្រង់ (​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​) រោងចក្រ​ដែកថែប​Azovstal នឹងត្រូវ​បាន ស្ថិតនៅក្រោម​ការគ្រប់គ្រង​ទាំងស្រុង​របស់​កងទ័ព​រុ​ស្ស៉ី​»​។ លោក កា​ឌី​រ៉ូ​វ មិនបាន​បញ្ជាក់​អ្វី​បន្ថែម​នោះទេ រីឯ​ភា្ល​មៗ ខាង​ក្រសួងការពារជាតិ អ៊ុយ​ក្រែ​ន​ក៏​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ដែរ​។​

​ប្រសិនបើ​ទីក្រុង Mariupol ធ្លាក់ចូល​ក្នុង​ដៃ​កងទ័ព​រុ​ស្ស៉ី​ពិតមែន នោះ​វា​នឹង​ក្លាយជា​ទីក្រុង​ធំ​បំផុត​ដែល​ត្រូវបាន​ដណ្ដើម កាន់កាប់​ដោយ​រុ​ស្ស៉ី ចាប់តាំងពី​សង្គ្រាម​ផ្ទុះឡើង​អស់​រយៈពេល​ជាង ៨​សប្ដាហ៍​មកនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close