មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយតំណាងស្ថាប័ន Gourmand World Cookbook Awards
ខេត្តសៀមរាប៖ ដោយមានការសម្របសម្រួលពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយលោក Guillaume Roussy តំណាង Gourmand World Cook book Awards និងជាប្រធានក្រុមហ៊ុន LES VINS DE SAUMUR អមដំណើរដោយឯកឧត្តម ប្រាក់ ដាវិដ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធភាពរៀបចំកម្មវិធី Angkor Food Summit នៅចុងឆ្នាំ២០២២ខាងមុខនេះ ក្នុងទឹកដីខេត្តសៀមរាប។
ជាលទ្ធផលនៃជំនួបពិភាក្សានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរាបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់លោក Guillaume Roussy ក្នុងការរៀបចំកម្មវិធី Angkor Food Summit នេះ ហើយជួយជំរុញឱ្យការរៀបចំកម្មវិធីនេះទទួលបានជោគជ័យ។
គួររំលឹកផងដែរ កាលពីឆ្នាំ២០២១កន្លងទៅ សៀវភៅ កេរដំណែលស្នាដៃម្ហូបខ្មែរ ដែលបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Gourmand World Cook book Awards ដែលបានរៀបចំឡើងនៅប្រទេសបារាំង ហើយទទួលពានរង្វាន់សៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេនៅតំបន់អាស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។