ខេត្ដព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯក រាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ត្រូវនឹងថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៨

ក្រោមអធិបតីភាព​ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅវេទិកា​ ៧មករា ជាមួយនឹងវត្តមានព្រះសង្ឃ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប​ ២.០០០​ នាក់​ ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ០៩ វិច្ឆិកាថា ជាទិវាប្រវត្តិសាស្រ្ត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញលេញ​ ពីអាណានិគម និយមបារាំងសេស

ក្រោមស្នាព្រះហស្ត និងព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តម​ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និងមហាបុរសរដ្ឋដ៏ឆ្នើម ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរី ភាព អធិបតេយ្យភាព បូរណភាពទឹកដីនៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំងសេស ដែលបានត្រួតត្រាកម្ពុជាអស់រយៈពេលជិត ១សតវត្សរ៍ ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងនាម រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ដឱ្យមានគុណភាព តម្លាភាព និងភាពជឿ ជាក់ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាបានទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ទោ សាវិន វិបុល មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរំលឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពល ខេមរភូមិន្ទ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ពជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្យ ព្រះ បិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close