សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។ ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះប្រទេសកម្ពុជាដែលទទួលបាននូវភាពជោគជ័យចំពោះការទប់ស្កាត់ការចម្លងរាលដាលនៃជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជារីករាយក្នុងការផ្ដល់នូវអំណោយវ៉ាក់សាំងនេះ ដើម្បីរួមចំណែកជាមួយកម្ពុជាក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ19 បន្ថែមទៀត ជាពិសេសក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋកម្ពុជា។
សម្ដេច ហ៊ុន សែន ពិតជារីករាយនិងអរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអ៊ីតាលីដែលបានផ្ដល់វ៉ាក់សាំងមកដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជានៅពេលនេះ។ តាមរយៈវ៉ាក់សាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យកម្ពុជាសម្រេចបាននូវភាពជោគជ័យជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 ជាពិសេសឈានទៅដល់ការបើកដំណើរការប្រទេសជាតិឡើងវិញ តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ មក ហើយជាក់ស្តែង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្ពុជាបានបោះជំហានទៅមុខបន្ថែមទៀតក្នុងការរស់នៅជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីដោយរាជរដ្ឋាភិបាលបានលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់អ្នកដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្ដារវិស័យទេសចរណ៍ដែលជាវិស័យចំបងចុងក្រោយដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានសម្រេចដាក់ឲ្យអនុវត្តនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ១០២១-២០២៣ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅស្ដារ និងជំរុញកំណើន បង្កើតភាពធន់សង្គមសេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ អំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំរុញបន្ថែមទៀត ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បើមានប្រសាសន៍ថា សម្តេចមានបំណងចង់ដកបំរាមការពាក់ម៉ាស់នៅទីសាធារណៈ ប៉ុន្តែនៅទីបិទដែលជិតនៅតែបន្តពាក់ម៉ាស់ដដែល ប៉ុន្តែការសម្រេចនេះ នឹងរង់ចាំកិច្ចប្រជុំពិសេសនៅថ្ងៃនេះសិន ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹង ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការដែលសម្ដេចមានបំណងចង់ដកបំរាមការពាក់ម៉ាសតាមទីសាធារណៈនេះ គឺក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើការទិញម៉ាស របស់ប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវចំណាយប្រាក់កាសច្រើនណាស់ទៅលើការទិញម៉ាសនេះ។ ដូច្នេះនេះ គឺជាការរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចប្រទេសជាតិឡើងវិញផងដែរក្រោយពីប្រទេសយើងបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យ ជាពិសេសការចាក់ស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋបានដ៏ច្រើនលើសលប់នោះ។
ដូចច្នេះ សម្ដេចតេជោក៏នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញទី៣ សូមអញ្ជើញទៅចាក់ឲ្យបានគ្រប់ៗគ្នាដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ និងឈានទៅដល់ការលុបនូវកាតព្វកិច្ចនៃការពាក់ម៉ាសនៅតាមទីសាធារណៈ នាពេលខាងមុខនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។