ចុង​សប្ដាហ៍​ទី​៣ ខែមេសា​! កម្ពុជា ទទួលបាន​ភ្ញៀវ​ជិត​៣៣​ម៉ឺន​នាក់​, ទោះបី​បុណ្យចូលឆ្នាំ​បញ្ចប់ តែ​នៅមាន​អ្នកដើរ​កម្សាន្ត​ច្រើន​ទៀត​

​ភ្នំពេញ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានបង្ហាញ​អំពី​ស្ថិតិ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍ ថ្ងៃទី​២៣-២៤ ខែមេសា ឆ្នាំ​២០២២ ដោយនៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​៣២៧,២៧០​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៣១១,៥៥១​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​១៥,៧១៩​នាក់ ហើយ​បើទោះបី​ពិធីបុណ្យ​ចូលឆ្នាំ​បានបញ្ចប់​ក៏ដោយ តែ​នៅមាន​ប្រជាពលរដ្ឋ​បន្ត​ដើរ​កម្សាន្ត​សប្បាយ​ច្រើន​ទៀត​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៥៤,៨៣៨​នាក់​
* ខេត្តបាត់ដំបង ៤១,៦៦៧​នាក់​
* ខេត្តពោធិ៍សាត់ ៣០,៩៦០​នាក់​
* រាជធានី​ភ្នំពេញ ៣០,៨៩៥​នាក់​
* ខេត្តកំពត ២៦,៦៤៤​នាក់​
* ខេត្ត​កែប ២៥,២៨៥​នាក់​
* ខេត្តសៀមរាប ២២,៦៩៣​នាក់​។​
​ចំនួន​ភ្ញៀវ​ប្រមាណ​ជិត​៣៣​ម៉ឺន​នាក់​នា​ចុង​សប្តាហ៍​នេះ នៅតែ​ជា​ចំនួន​មួយ​ច្រើន​ធៀប​នឹង​ចុង​សប្តាហ៍​ធម្មតា​ដែល​ពុំមាន​ពិធីបុណ្យ​ជាតិ ដែលមាន​ចំនួន​ជា​មធ្យម​ក្នុង​ចន្លោះ​២០-២៥​ម៉ឺន​នាក់​។​

​បើទោះបី​ពិធីបុណ្យ​ចូលឆ្នាំ​បានបញ្ចប់​ក៏ដោយ តែ​នៅតាម​តំបន់​មួយចំនួន ប្រជាពលរដ្ឋ​បាន​បន្ត​កម្សាន្ត​សប្បាយ និង​រៀបចំ​ពិធី​ឆ្លង​ចូលឆ្នាំ​នៅតាម​វត្ត​អារាម​នានា​រហូតដល់​ចុង​សប្តាហ៍​នេះ​។​
​ភាគច្រើន​នៃ​ភ្ញៀវ​ក្នុង​សប្តាហ៍​នេះ គឺជា​ភ្ញៀវ​ក្នុង​រាជធានី​ខេត្ត​នីមួយៗ​ផ្ទាល់ ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ដើរ​កម្សាន្ត​តាម​បណ្តា​ខេត្ត​រួចហើយ​កាលពី​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​។ ប៉ុន្តែ​ក៏​នៅមាន​ប្រជាពលរដ្ឋ​ខ្លះ ពិសេស​អ្នក​ភ្នំពេញ​ដែល​ខកខាន​មិនបាន​ដើរលេង​នាឱកាស​ចូលឆ្នាំ​ដោយសារ​ពួកគាត់​មិន​ចង់​ជួបជុំ​កកកុញ​មនុស្ស​ច្រើន បានចេញ​ដើរ​កម្សាន្ត​នា​ចុង​សប្តាហ៍​នេះ ពិសេស​គោលដៅ​ខេត្ត​តំបន់ឆ្នេរ​នៃ​ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង​ខេត្តកំពត​ជាដើម​។​

​ទោះបី​ចប់​ពិធីបុណ្យ​ចូលឆ្នាំ ក្រសួងទេសចរណ៍​ក៏​នៅតែ​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍​សហកា​រ​ជាមួយ​រដ្ឋបាលខេត្ត​បន្ត​ពង្រឹង​ការអនុវត្ត SOP ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ការជំរុញ​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​នាឱកាស​ថ្ងៃ​ឈប់សម្រាក​នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close