ក្រុម Brotherhood ឈ្នះ​ជើងឯក​ពានរង្វាន់​បាល់ទាត់​ហ្វូ​ត​សាល ខេ​ម​អេ​ដ​

​នៅ​ទីបំផុត ក្រុម Brotherhood FT បានឈ្នះ​ជើងឯក​ពានរង្វាន់​បាល់ទាត់​ហ្វូ​ត​សាល វិទ្យាស្ថាន ខេ​ម​អេ​ដ រដូវ​កាល ២០២២ នៅ​កីឡដ្ឋាន Premium Sport Club រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម Min Laor FT ដោយ​លទ្ធផល ២​ទល់​១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២​។​

​ក្រុម Brotherhood FT បានឈ្នះ​មេដាយមាស ពានរង្វាន់​១ ខណៈ​ក្រុម Min Laor FT បាន​ជើងឯក​រង ដោយ​ទទួលបាន​មេដាយប្រាក់​។ ចំពោះ​ក្រុម​លេខ​៣ បាន​ទៅលើ​ក្រុម Royal D បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម មូស United ក្នុង​លទ្ធផល ៤​ទល់​១ ហើយ​ក្រុម Royal D នេះ​ក៏​ដណ្តើមបាន​ជ័យលាភី​ជា​ក្រុម​លេង​ដោយ​យុត្តិធម៌ (Fair Play) ១​ទៀតផង​ដែរ​។​

លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន ខេ​ម​អេ​ដ មានប្រសាសន៍ថា ការរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ហ្វូ​ត​សាល​ឆ្នាំនេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ បន្ទាប់ពី​ខកខាន​រៀបចំ​២​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ជាមួយគ្នានេះ​លោក​សង្កេតឃើញ​ពី​គុណភាព​បច្ចេកទេស​ខ្ពស់​របស់​កីឡាករ ដែលជា​និស្សិត​របស់​វិទ្យាស្ថាន ខេ​ម​អេ​ដ ទាំង​១៨​ក្រុម​ចូលរួម​ប្រកួតប្រជែង ជាពិសេស​ក្រុម​ជ័យលាភី​៤​ក្រុម​ចុងក្រោយ ដែល​ខិតខំ​ប្រើប្រាស់​អស់ពី​សមត្ថភាព​រហូត​ដល់​បញ្ចប់​ការប្រកួត​នាពេលនេះ ក្រោម​ការរៀបចំ​បាន​យ៉ាង​ល្អ និង​យុត្តិធម៌​របស់​មន្ត្រី​បច្ចេកទេស​ដែល​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​រូបនេះ​បន្ថែមថា គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​នេះ គឺជា​ការបណ្តុះ​ស្មារតី​កីឡាករ​ឲ្យ​ចេះ​ទទួលយក​ភាពជោគជ័យ ភាពបរាជ័យ និង​ចេះ​ធ្វើការ​ជា​ក្រុម ព្រមទាំង​ចេះ​ធ្វើការ​ក្រោម​សម្ពាធ​ជាដើម​។ លោក​អះអាងថា ខេ​ម​អេ​ដ ដែលជា​វិទ្យាស្ថាន​អប់រំ​កម្រិត​ឧ​ត្ត​ម​សិក្សា​ផ្នែក​គណនេយ្យ ហិរញ្ញវត្ថុ និង​ពាណិជ្ជ​សាស្ត្រ ក្រៅពី​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ ក៏​នាំ​និស្សិត​នានា​ចូលរួម​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជា​ខិតខំ​ប្រឹងប្រែង​ឲ្យ​កីឡាករ កីឡាការិនី​លើ​ប្រភេទ​កីឡា​មួយចំនួនទៀត ដូចជា​បាល់បោះ អត្តពលកម្ម​ឲ្យ​មាន​គុណភាព​ខ្ពស់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ ពី​ក្នុង​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​ថ្នាក់ជាតិ នា​ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​ឆាប់ៗ​នេះ​។​

លោក ខេ​ស៊ី បា​ណេ​ត គូសបញ្ជាក់​ទៀតថា ដោយសារតែ​ការលេង​កីឡា​មាន​សារៈសំខាន់​បែបនេះ ទើប​លោក​តែងតែ​ជំរុញ​ឲ្យ​មានការ​រៀបចំ​នូវ​ការប្រកួត​កីឡាបាល់បោះ​នារី កីឡាអត្តពលកម្ម ហែល​ទឹក វាយ​កូនឃ្លី​លើ​តុ តេ​ក្វាន់​ដូ និង​ប្រភេទ​កីឡា​វាយ​សី ប្រចាំឆ្នាំ​២០២២​ផងដែរ​។ ការខិតខំ​ពង្រឹងគុណភាព​កីឡាករ កីឡាការិនី​របស់​វិទ្យាស្ថាន ខេ​ម​អេ​ដ គឺ​ដើម្បី​ប្រជែង​មេដាយ​ឲ្យ​បាន​កាន់តែច្រើន សម្រាប់​ការប្រកួត​កីឡា​សាកលវិទ្យាល័យ នា​ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​គួររម្លឹកថា ក្រុម​បាល់បោះ​នារី​ខេ​ម​អេ​ដ ធ្លាប់ជា​ម្ចាស់​ជើងឯក​កីឡាបាល់បោះ​សកល​វិទ្យាល័យ​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០១៩ ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​មេដាយមាស​លើ​វិញ្ញាសា​ជាច្រើន​ទៀត​ធ្លាប់​ដណ្តើមបាន​លើ​ប្រភេទ​កីឡាអត្តពលកម្ម​ជា​បន្ត​បន្ទាប់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close