ក្រសួងបរិស្ថាន បន្ត​ដាំ​ស្តារឡើងវិញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ ដើមឈើ​ចម្រុះ​ចំនួន ២៤ ០០០​ដើម ត្រូវបាន​ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​ដាំ​ស្តារឡើងវិញ នៅ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម សូ ខន​ឬ​ទ្ធិ​គុណ រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង មន្ទីរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន ប្រជា​ពលរ​ដ្ធ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២​។​

​លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​រៀបចំ​ការដាំ​ស្តារឡើងវិញ នៅ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប បាន​ចំនួន​២៣២៤៤​ដើម ក្នុងនោះ​មាន​ដើម​រាំង​១០០០​ដើម ម្តេ​ញ​៧០០០​ដើម ឬ​ស្សី​ផ្អែម​៧៤០០​ដើម ពីងពុង​១៧៣៥​ដើម ត្នោត​៩​ដើម គ្រាប់ត្នោត​ដាំ​តាម​ព្រំ​តំបន់​បី​បាន​ចំនួន​២៣៨៩៤​គ្រាប់ ដែលមាន​ប្រវែង​១១៤,១៣​គីឡូម៉ែត្រ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម សូ ខន​ឬ​ទ្ធិ​គុណ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ក្នុងការ​ទប់ស្កាត់​ការទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​បាន​ដកហូតយក​មកវិញ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពី​ជនខិលខូច​។ ជាក់ស្តែង​នៅថ្ងៃនេះ​ក្រសួងបរិស្ថាន បានធ្វើ​ការដាំ​ស្តារ​ដើមឈើ​ចម្រុះ​ឡើងវិញ ជា​ប្រយោជន៍ សម្រាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ​យើង ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ និង​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ចាត់ទុកថា ពិធី​ដាំ​កូនឈើ​នាពេលនេះ និង​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​គ្រប់​ម​ជ្ឍ​ដ្ឋា​ន​ពាក់ព័ន្ធ បាន​នឹង​កំពុង​ឆ្លុះបញ្ចាំង​នូវ​ការ​ភ្ញាក់រលឹក​របស់​សហគម​ន៍​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​ចំពោះ​ការបាត់បង់​ព្រៃឈើ និង​ជា​ស្មារតី​ម្ចាស់ការ​ក្នុងការ​ទទួលខុសត្រូវ លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ អនាគត​ភូមិ ឃុំ និង​ជា​ជោគវាសនា​នៃ​មាតុភូមិ​យើង ជាពិសេស​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ដើម្បី​ឲ្យ​មាន​ភាព​បៃតង និង​រក្សាបាន​នូវ​ប្រភពទឹក​ក្រោម​ដី​ថែម​ទៀតផង ។​

​សូមបញ្ជាក់ថា ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែល​ល​ត្រូវ​ដាំ​ស្តារឡើងវិញ​ទាំង​២​លើក គឺ​លើក​ទី​១​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ បាន​ចំនួន​២០​ហិកតា ស្មើនឹង​៨០០០​ដើម រួមមាន ៖ ទ​ស្សី រាំង​ទឹក ម្តេ​ញ និង​សណ្តាន់ ។ លើក​ទី​២​លើ​ផ្ទៃដី​៦០​ហិកតា ចំនួន​២៤០០០​ដើម រួមមាន ៖ រាំង​ទឹក​ចំនួន​១៣៥០០​ដើម សណ្តាន់​ចំនួន​៤៥០០​ដើម ម្តេច​៣៥០០​ដើម និង​ឬ​ស្សី​ស្រុក​ចំនួន​២៥០០​ដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close