មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល បន្តចុះប្រចាំការ ត្រួតពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ទំនិញខូចគុណភាព និងរកសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារនៅតាមបណ្តាផ្សារគោលដៅក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ: នៅថ្ងៃសៅរ៍ ៣កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារជម្ពូវ័ន ផ្សារច្បារអំពៅ ផ្សារសិនជូរីផ្លាស្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ អំបិល ប្រហិតសាច់គោ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិត ជ្រក់បន្លែ ខ្ញីហាន់ ត្រយ៉ូងចេកហាន់ ស្លឹកគ្រៃហាន់ សាច់ក្រក និងត្រីងៀតគ្រប់មុខ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
* ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅលើគំរូផលិតផលដែលបានត្រួតពិនិត្យនោះទេ ។ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រួលបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។