FFC ចេញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​ត្រៀម​ចូលរួម​ប្រកួត ស៊ី​ហ្គេម នៅ​វៀតណាម​

​ភ្នំពេញ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានចេញ​បញ្ជី​ឈ្មោះ​បឋម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ចំនួន​២៦​នាក់ ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​។​

​បញ្ជី​ឈ្មោះ​២៦​នាក់​ត្រូវបាន​ក្រុមការងារ​គ្រូបង្វឹក​ជម្រើសជាតិ ដែលមាន​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ជ្រើសរើស​ចេញពី​ក្លិប​ចំនួន​១០ នៃ​ក្របខណ្ឌ​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ និង​លី​គ​លំដាប់​ទី​២​របស់​កម្ពុជា រួមមាន​៖​ក្លិប​បឹងកេត ៥​នាក់​, ណាហ្គា​វើ​លដ៍ ៣​នាក់​, វិសាខា ៣​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៣​នាក់​, ភ្នំពេញ​ក្រោ​ន ៣​នាក់​, ព្រៃវែង ៤​នាក់​, អង្គ​រថា​យ​ហ្គឺ​រ ២​នាក់​, កងយោធពល​ខេមរភូមិន្ទ ១​នាក់​, អគ្គិសនី​កម្ពុជា ១​នាក់ និង​គិរីវង់​សុខ​សែន​ជ័យ ១​នាក់​។​

​លោក ភា សុ​ភ័​ក្ត្រា គ្រូ​ជំនួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​គូសបញ្ជាក់ថា កីឡាករ​ទាំង ២៦​នាក់​នេះ​ត្រូវ​ចាប់ផ្ដើម​ហ្វឹកហាត់ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ​តទៅ ហើយ​បន្ទាប់ពីនោះ​ទើប​ជម្រុះ​ស្វែងរក​បញ្ជី​២០​នាក់​ចុងក្រោយ ពោលគឺ​នៅ​១​ថ្ងៃមុន​ពេល​ចាក​ចេញពី​មាតុប្រទេស​ទៅ​ប្រទេស​វៀតណាម ដែល​គ្រោង​នៅ​ចន្លោះ​ថ្ងៃទី​០៣ ឬ​ទី​០៤ ខែឧសភា ឆ្នាំ​២០២២​។​

​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ប្រើប្រាស់​ឈុត​យុវជន​អា​ក្រុម​២៣​ឆ្នាំ​។ ​ព្រឹត្តិការណ៍​នេះ​មាន​១០​ប្រទេស​ចូលរួម​ប្រជែង​ជើងឯក ដោយ​ចែកចេញជា​ពីរ​ពូ​ល ក្នុងនោះ​ក្រុម​កម្ពុជា​ស្ថិតក្នុង​ពូ​ល B ជាមួយ​ក្រុម​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ​។​

​គួរ​បញ្ជាក់ថា ក្រុម​កម្ពុជា​នឹងត្រូវ​ប្រកួត​បើកឆាក នា​ថ្ងៃទី​៩ ខែឧសភា ជាមួយ​ក្រុម​ឡាវ វេលា​ម៉ោង ៤​រសៀល​, ប៉ះ​សិង្ហ​បុរី នា​ថ្ងៃទី​១១​មេសា វេលា​ម៉ោង ៤​រសៀល​, ប៉ះ​ថៃ នា​ថ្ងៃទី​១៤ មេសា វេលា​ម៉ោង ៧​ល្ងាច និង​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល ប៉ះ​ម៉ាឡេស៊ី នា​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ៤​រសៀល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close