ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ របស់​ក្រុមយុវជន​ក្រសួង​សាធារណការ

ព្រះសីហនុ​៖ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​ក្រុមយុវជន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​និស្សិត​នៃ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​សរុប​ប្រមាណ​៣០០​នាក់ ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដោយមាន​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​ដំណើរ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​នេះ​រៀបចំឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក្នុង​គោលបំណង​បង្ហាញ​ឱ្យ​កូន​ខ្មែរ​បាន​យល់ដឹង​អំពី​បច្ចេកទេស​នៃ​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ដោយ​ខ្លួនឯង ស្របតាម​ពាក្យស្លោក​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា​៖ ខ្មែរ​ធ្វើបាន​។ ម្យ៉ាងវិញទៀត​ជីដូន​ជីតា​របស់​យើង​អាច​កសាង​ប្រាង្គ​ប្រាសាទ​មាន​អាយុកាល​រាប់រយឆ្នាំ​ល្បីល្បាញ​ទូទាំង​ពិភពលោក​ដូចជា​៖ ប្រាសាទ អង្គរវត្ត ប្រាសាទព្រះវិហារ​ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​ស្ពានថ្ម​ដែលមាន​អាយុ​រាប់រយឆ្នាំ​ជាដើម ហេតុដូច្នេះ​កូន​ខ្មែ​ត្រូវតែ​ធ្វើបាន​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ យុវជន​ក្រសួង និស្សិត​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ខេត្ត​ទាំងអស់ និង​ប្រជាពលរដ្ឋ បានឃើញ​ពី​ការរីកចម្រើន​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា ជាពិសេស​ផ្លូវ​ល្បឿន​លឿន បាន​ចូលរួម​ដឹងឮ រៀនសូត្រ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ឃុំ​ស្រុក​របស់ខ្លួន​ថា​ប្រទេសជាតិ​ពិតជា​មានការ​រីកចម្រើន​ប្រាកដ​មែន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ​សម្រេច​វឌ្ឍនភាព​ការងារ​បាន​៩០,៩៥%​ហើយ​គិត​ត្រឹម​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ត្រៀម​នឹង​បញ្ចប់​ដាក់​ឳ្យ​ប្រើប្រាស់​សាកល្បង នៅ​ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេលវេលា​សមស្រប​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា​ផ្លូវ​នេះ​នឹងចូលរួម​ចំណែក​ក្នុង​ការជំរុញឱ្យ​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ និង​ប៉ូល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​មានការ​រីក​ចម្រើន​លឿន​ជាង​ធម្មតា​ដោយសារ​ការធ្វើដំណើរ​ឆាប់រហ័ស កាត់បន្ថយ​ចំណាយ កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤ និង​បាន​បន្ថែមថា​រាជរដ្ឋាភិបាល​កំពុង​សិក្សា​ធ្វើ​ផែនការមេ​ដើម្បីឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ហើយ​ផ្លូវ​ល្បឿន​លឿន​នេះ​នឹងចូលរួម​បម្រើ​ផែនការ​មេនេះ​ក្នុងការ​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៨៧,០៥​គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ គិត​ត្រឹម​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ ដំណើរការ​នៃ​ការដ្ឋាន​សាងសង់​គឺ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការសាងសង់​បញ្ចប់ ហើយ​និង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សាកល្បង​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ​។ ដែល​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ផ្លូវ​នេះ​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់​៤៨​ខែ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០១៩​លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង មាន​កន្លែង​ឈប់សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន​៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ប្រមាណ ៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុងនោះ​៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​-​ភ្នំពេញ​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត​នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង​មក​ត្រឹមតែ​ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close