ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣​ ​នៅ​ប្រទេស​សឹង្ហ​បុរី​

តប​តាម​ការ​អញ្ជើញ​របស់​ ​ឯកឧត្តម​ ​លី​ ​សៀន​ឡុង​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ប្រទេស​សឹង្ហ​បុរី​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣​ ​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​ ​«​ភាពរឹងមាំ​ ​និង​នវានុវត្តន៍​របស់​អាស៊ាន​»​ ​ពី​ថ្ងៃទី១៣​ ​ដល់​ថ្ងៃទី១៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​នៅ​ប្រទេស​សឹង្ហ​បុរី​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ ​នៅ​អំឡុង​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ប្រទេស​សឹង្ហ​បុរី​នោះ​ ​សម្តេច​តេជោ​នឹង​ចូលរួម​កិច្ចប្រជុំ​ជាច្រើន​ទៀត​ ​ដូចជា​ ​កិច្ចប្រជុំ​ក្រៅផ្លូវការ​អាស៊ាន​-​អូស្រ្តាលី​,​ ​កិច្ចប្រជុំ​អាស៊ាន​-​ចិន​លើក​ទី២១​,​ ​កិច្ចប្រជុំ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី២០​,​ ​កិច្ចប្រជុំ​អាស៊ាន​-​រុស្ស៊ី​ ​លើក​ទី៣​,​ ​កិច្ចប្រជុំ​អាស៊ាន​-​ជប៉ុន​ ​លើក​ទី២១​,​ ​កិច្ចប្រជុំ​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា​,​ ​កិច្ចប្រជុំ​អាស៊ាន​-​សហរដ្ឋអាមេរិក​ ​លើក​ទី៦​,​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ ​លើក​ទី២១​,​ ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ ​និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី២​។​

ជាមួយគ្នា​នេះ​ដែរ​ ​សម្តេច​តេជោ​ ​ក៏​នឹង​ចូលរួម​ក្នុង​កម្មវិធី​មួយចំនួន​ទៀត​ ​ដូចជា​ ​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​,​ ​កម្មវិធី​អាហារ​ងារ​ងារ​ថ្ងៃត្រង់​រៀបចំ​ដោយ​ ​ឯកឧត្តម​ ​លី​ ​សៀន​ឡុង​ ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​ ​និង​ពិធី​លៀង​សាយភោជន​ ​រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ​សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​សិង្ហបុរី​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​គណៈប្រតិភូ​ ​នៃ​ប្រទេស​មួយចំនួន​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close